រថយន្តទំនើប ១គ្រឿង បើកសុខៗ ឆ្លងភ្លើង ឆេះផ្អើលក្រុងសៀមរាប

ខេត្តសៀមរាប៖ យុវជនម្នាក់ បានបើកបររថយន្តស៊េរីទំនើប របស់អ៊ុប្រុស យកមកលាង ស្រាប់តែចេញមកវិញ ដល់ផ្សារកណ្តាល ឆ្លងចរន្ត ឆេះយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលពេញក្រុងសៀមរាប។ ហេតុការណ៍ភ្ញាក់ផ្អើលឆេះរថយន្តទំនើបនោះ បានកើតឡើង នៅវេលាម៉ោង ៦ និង ០០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចពីខាងកើតផ្សារកណ្តាល ទល់មុខពីខាងជើងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់នៅកន្លែងកើតហេតុថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើបនេះ បានបើកមកពីជើង មកត្បូង ប្រហែលទៅផ្ទះ ប៉ុន្តែមកដល់ចំណុចពីខាងកើតផ្សារកណ្តាល នៅលើផ្លូវកៅស៊ូ ស្រាប់តែឃើញឆេះសន្ធោរសន្ធៅ នៅកណ្តាលផ្លូវតែម្តង។


ប្រភពបានបញ្ជាក់ទៀតថា បន្ទាប់ពីរថយន្តនោះឆេះ ក៏ឃើញមានសន្តិសុខផ្សារកណ្តាល បានយកបំពង់ពន្លត់អគ្គិភ័យ ចំនួន ២បំពង់ មានតូច១ និងធំ១ ព្រមទាំងទាញទុយយោទឹក មកជួយបាញ់ទឹកពន្លត់។ ប៉ុន្តែនៅតែមិនរលត់សោះ ក៏បានខលហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ១ គ្រឿង និងរថយន្តពន្លត់របស់បញ្ជាការកងរាជអាវុធហត្ថ ១គ្រឿង ប៉ុន្តែបានបាញ់អស់ចំនួន ១គ្រឿង របស់ស្នងការនគរបាលខេត្ត ក៏រលត់បាត់ទៅវិញ នៅវេលាម៉ោង ៦ និង ៣០ នាទីថ្ងៃដដែល។


មន្ត្រីនគរបាលជំនាញ បានប្រាប់ថា រថយន្តទំនើបនេះ មានម្ចាស់ ឈ្មោះ សី ចាន់នី ភេទប្រុស បានឱ្យក្មួយ ប្រុស ឈ្មោះ ឈុន ដារ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានបើករថយន្តនោះ យកមកលាងនៅម្តុំលូទឹកស្អុយ ហើយលាងរួច ក៏បើកចេញពីលិច មកកើត បត់មកត្បូង ដើម្បីដើរលេង ហើយបំរ៉ុង បើកទៅផ្ទះ ដល់ចំណុចផ្សារកណ្តាល ស្រាប់តែភ្លើងឆេះ ចេញពីម៉ាស៊ីនយ៉ាងសន្ធោរសន្ធៅ ហើយបើកទ្វារ រត់ចុះបង្កការភ្ញាក់ផ្អើញពេញក្រុងសៀមរាបតែម្តង សំណាងល្អ មនុស្សគ្មានគ្រោះថ្នាក់អ្វីឡើយ។


ប្រភពបានបន្ថែមថា យុវជនឈ្មោះ ឈុន ដារ៉ាត់ នោះ បានបើករថយន្តម៉ាក LEXUS RX ៣៥០ L ស៊េរី ទំនើប ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-8886។ រថយន្តនោះ ខូចខាតផ្នែកខាងមុខទាំងស្រុង។ បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលជំនាញ បានប្រគល់រថយន្តទំនើបនោះ ឱ្យទៅម្ចាស់ យកទៅជួសជុលខ្លួនឯង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram