អារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទធុរកិច្ចអារ៉ាប់-ចិនលើកទី១០ ដោយចាត់ទុកចិនជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់ ….

(រីយ៉ាទ)៖ នៅក្នុងសុន្ទរកថាបើក នៃសន្និសីទធុរកិច្ចអារ៉ាប់-ចិនលើកទី១០ នៅទីក្រុងរីយ៉ាទរបស់អារ៉ាប៊ីសាអ៊ូឌីត រដ្ឋមន្ត្រីការបរទេស ព្រះអង្គម្ចាស់ Faisal bin Farhan បានមានប្រសាសន៍ថា ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងតំបន់ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៤៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសន្និសីទដែលមានការចូលរួមពីប្រទេសចំនួន២៣ ក្រោមបាវចនា «កិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព» ព្រះអង្គម្ចាស់ Faisal បានគូសបញ្ជាក់អំពីឆន្ទៈរួមរបស់ប្រទេសអារ៉ាប់ និងប្រទេសចិន ក្នុងការអភិវឌ្ឍភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដោយផ្អែកលើលទ្ធផល នៃវេទិកានេះចាប់តាំងពីវាត្រូវបានបង្កើតឡើង។
ទន្ធឹមគ្នានេះ លោក Khaled Al-Falih រដ្ឋមន្ត្រីវិនិយោគអារ៉ាប៊ីសាអូឌីតក៏បាននិយាយថា វាដល់ពេលហើយសម្រាប់ប្រទេសចិនក្នុងការក្លាយជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងតំបន់។
គួរបញ្ជាក់ថា សន្និសីទដែលមានរយៈពេលពីរថ្ងៃដោយបានចាប់ផ្តើបពីថ្ងៃទី១១ និង១២ ខែមិថុនានេះ គឺជាការប្រមូលផ្តុំដ៏ធំបំផុតរបស់អារ៉ាប់-ចិនសម្រាប់អាជីវកម្ម និងការវិនិយោគ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល នាយកប្រតិបត្តិ វិនិយោគិន និងសហគ្រិនជាង២,០០០នាក់។
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើង ក្រោមការឧបត្ថម្ភគាំទ្រដោយរាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman ហើយបានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងការវិនិយោគ និងហិរញ្ញប្បទានតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន ព្រមទាំងបញ្ហាបរិស្ថាន ទេសចរណ៍ និងកសិកមកម្មផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram