ប៉ូលិស ឆ្មក់ចូលសណ្ឋាគារ ខលល័រ ចាប់ចិន ៨នាក់ ពាក់ព័ន្ធករណីចាប់ជម្រិត
ភ្នំពេញ៖ ជនជាតិចិន ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្រ្កាប នៅក្នុងសណ្ឋាគារ ខលល័រ ជាប់ពាក់ព័ន្ធករណីចាប់ជំរិត។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ ខលល័រ ស្ថិតតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិន ៨នាក់ ក្នុងនោះ មានស្រីម្នាក់។

សមត្ថកិច្ច បានអោយដឹងថា មុនពេលកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសណ្ឋាគារខាងលើ គឺសមត្ថកិច្ច បានទទួលដំណឹងថា ទីតាំងខាងលើ គឺមានករណីចាប់ជំរិតជនជាតិចិនដូចគ្នា។ ដោយទីតាំងនោះ មានបើកល្បែងស៊ីសងផងនោះ ទើបដល់វេលាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៨នាក់ ជាជនជាតិចិន យកទៅសាកសួរនៅផ្នែកជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង។ ចំណែកទីតាំងខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការបិទទ្វារជាបណ្ដោះអាសន្ន៕








