មានប្រជាពលរដ្ឋខ្មែរចំនួន០៤នាក់ ក្នុងនោះមានអ្នកនាំ០១នាក់ បានលួចឆ្លងដែនពីខ្មែរទៅថៃ…
ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី១៩-០៥-២០២០ ម៉ោង១៧ :៣០នាទី មានប្រជាពលរដ្ឋខ្មែរចំនួន០៤នាក់ ក្នុងនោះមានអ្នកនាំ០១នាក់ បានលួចឆ្លងដែនពីខ្មែរទៅថៃ ត្រូវទាហានឈុតខ្មៅថៃឃាត់បានចំនួន០៣នាក់ ដោយអ្នកនាំបានយកលុយក្នុង០១នាក់ ចំនួន២៥០០បាត ជូនដល់ផ្សារឡុងគ្លឿ តែមិនទាន់ដល់ផង ត្រូវទាហានឈុតខ្មៅថៃ ចាប់បាន ចំនួន០៣នាក់ ហើយអ្នកនាំផ្លូវ បានព្យាយាមរត់គេចតែត្រូវទាហានឈុតខ្មៅស្ទាក់ដេញចាប់បាន នៅចំណុចមាត់អូរខាងថៃ ភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់នឹងមុខភូមិសាស្រ្តប៉ុស្តិ៍បឹងសាគូ ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
ដោយយោងតាមព័ត៌មានសង្គមFacebook បានបង្ហោះថាៈ នៅម៉ោង៥:៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានទាហានឈុតខ្មៅថៃ ចំនួន០៣នាក់ បានដេញចាប់ពលរដ្ឋខ្មែរ០១នាក់ ហើយផ្ទុះអាវុធចំនួន០១គ្រាប់ បានរត់គេចពីទាហានឈុតខ្មៅថៃ មកដល់មាត់អូរព្រំដែនក៏ទាក់ជាប់នឹងបន្លាលួស(រងរបួស) ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃ ចាប់បញ្ចូនទៅមន្ទីរពេទ្យ ដើម្បីលាងរបួស គឺមិនទាន់ច្បាស់ការទេ រងចាំស៊ើបសួរពីជនរងគ្រោះបន្ត។ ដោយឡែកម្លាំងប៉ុស្តិ៍បឹងសាគូ បានទំនាក់ទំនងទៅទាហានឈុតខ្មៅថៃករណីខាងលើ អំពីការផ្ទុះអាវុធ គឺទាហានប្រាប់ថាមិនបានផ្ទុះអាវុធឡើយ។
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បឹងសាគូ នៃវរសេនាតូច៩១១ បានប្រាប់សារព័ត៌មាន យើងឲ្យដឹងថា ខាងទាហានថៃ និង តាមសម្តីរបស់ពលករខ្មែរយើងដែលនៅក្នុងហេតុការ បានអះអាងដូចគ្នាថា ពុំមានការបាញ់មកលើពួកគាត់ (ពលករខ្មែរ) នោះទេ ។ លោក នាយប៉ុស្តិ៍បន្តថា ពលរដ្ឋខ្មែរពួកគាត់បានរត់ទាក់បន្លាលួសដោយខ្លួនឯង បន្ទាប់ពីមានសំលេងមួយផ្ទុះឡើង ដូចជាសំលេងបាញ់កាំភ្លើងចឹង តែគេមិនដឹងថា ជាសំលេងអ្វីឲ្យពិតប្រាកដនោះទេ ។
រីឯ ពលរដ្ឋខ្មែរទាំង៤នាក់នោះត្រូវបានខាងទាហានថៃ ប្រគល់មកឲ្យខាងសមត្ថកិច្ច និងបានមកដល់កម្ពុជា វិញកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ៕



