អ្នកដឹកនាំរឿង «Squid Game» បង្ហើបពីសាច់រឿងមួយចំនួន សម្រាប់រដូវកាលទី២ និងអាចឈានដល់រដូវកាលទី៣ ក្រោយចំណេញលុយរាប់លានដុល្លារ

(កូរ៉េ)៖ អ្នកដឹកនាំរឿង «Squid Game» លោក Hwang Dong Hyuk បានបង្ហើបពីសាច់រឿងមួយចំនួន សម្រាប់រដូវកាលទី២ នៃស៊េរីរឿងរបស់ Netflix គឺ «Squid Game» វគ្គ២ ដោយភ្ជាប់ជាមួយការឈានទៅផលិតវគ្គ៣ផងដែរ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

តាមរយៈការផ្តល់បទសម្ភាសន៍ ជាមួយទូរទស្សន៍ KBS នៅថ្ងៃទី២៨ ម្សិលមិញនេះ អ្នកដឹកនាំរឿង «Squid Game» លោក Hwang Dong Hyuk បាននិយាយថា «ឥឡូវនេះខ្ញុំកំពុងតែពិភាក្សាជាមួយ Netflix សម្រាប់រដូវកាលទី២ និងទី៣ នៃរឿង «Squid Game»។ ខ្ញុំគិតថា នឹងសម្រេចបានផ្លែផ្កាក្នុងពេលឆាប់ៗខាងមុខ។ យើងដឹងថា មានមនុស្សជាច្រើនកំពុងរង់ចាំទស្សនា ដូច្នេះក្រុមការងារក៏កំពុងមមាញឹករៀបចំ សម្រាប់រដូវកាលបន្ទាប់ផងដែរ»។


ជាមួយគ្នានេះ លោក Hwang Dong Hyuk ក៏បានបង្ហើបពីឆ្អឹងរឿងមួយចំនួន សម្រាប់រដូវកាលទី២ផងដែរ គឺផ្តោតទៅលើតួអង្គដែលឈ្នះហ្គេមក្នុងវគ្គ១ លោក Seong Gi Hun ដែលជាតួ ម្នាក់មានអាថ៌កំបាំង នៅពីក្រោយការលេងហ្គេម។ ជាមួយគ្នានោះ រឿងវគ្គ២ ក៏នឹងបង្ហាញពីមនុស្សដែល Gi Hun បានជួប និងមនុស្សដែលគាត់លេងល្បិចដាក់បន្ទាប់ពីនោះ»។


គួរជម្រាបថា នេះជាលើកទី១ ហើយ ដែលលោក Hwang Dong Hyuk បញ្ជាក់ពីការផលិតរឿង «Squid Game» វគ្គ៣ ខណៈប៉ុន្មានថ្ងៃមុន Netflix ក៏បាននិយាយដែរ ពីលទ្ធភាពក្នុងការចេញផ្សាយនូវរដូវកាលទី៣ដែរ ដោយអះអាងថា «វាគឺជាការពិតដែលយើងពិតជាបានពិភាក្សាគ្នាពីលទ្ធភាព នៃការផលិតរឿង «Squid Game» ក្នុងនោះរួមមាន ទាំងរដូវកាលទី៣ផងដែរ ប៉ុន្តែមិនទាន់មានអ្វីបញ្ជាក់ច្បាស់នៅពេលនេះនោះទេ»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram