ទេសរដ្ឋមន្រ្តី គន់ គីម ប្រកាសចូលកាន់តំណែងប្រធាននាយកដ្ឋានចំនួន៤រូប របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ជាប្រធាននាយកដ្ឋានចំនួន៤រូប និងនិមន្តព្រះសង្ឃសូត្រមន្ដរំដោះគ្រោះចង្រៃ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី០៨ មេសា ឆ្នាំ២០២២។


បន្ទាប់ពីលោក ជា ប្រណិត ឡើងអានព្រះរាជក្រឹត្យ អនុក្រឹត្យប្រកាសរួចមក ទេសរដ្ឋមន្ដ្រី គន់ គីម ទេសរដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់មន្រ្តីជំនាញ់ក្រោមឱវាទ ត្រូវចេះសហការគ្នាឲ្យបានល្អនៅតាមនាយកដ្ឋាននីមួយៗ ក៏ដូចជាបម្រើឲ្យរដ្ឋបាលជាតិ និងចេះសម្របសម្រួលជាមួយថ្នាក់ក្រោមជាតិ និងមូលដ្ឋានទៅលើវិស័យការងារគ្រប់គ្រងគ្រោះគ្រោះមហន្តរាយ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងទៀតថា ស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍលើគ្រប់វិស័យ និងរក្សាបាននូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន និងមានការរីកចម្រើនវិស័យទេសចរណ៍ កាត់ដេរ អចលនទ្រព្យជាដើម។
លោកបន្ដថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំគ្រប់គ្រង និងសម្របសម្រួលលើការងារគ្រប់គ្រងគ្រោះមហន្តរាយជាមួយស្ថាប័នក្រសួងពាក់ព័ន្ធនានា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការយ៉ាងជិតស្និទ្ធក្នុងនាមជាដៃគូអភិវឌ្ឍ ជាមួយកាកបាទក្រហមកម្ពុជា ពីថ្នាក់ជាតិដល់សហគមន៍ ភ្នាក់ងារសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយគ្រោះមហន្តរាយ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចូលរួមអនុវត្តកាន់តែមានប្រសិទ្ធភាពនូវការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ បច្ចុប្បន្នភាពនេះ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយអង្គការការីតាស់កម្ពុជា និងក្រសួងគ្រប់គ្រង គ្រោះអាសន្ននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុង សហគមន៍។
លោកថា ក្នុងការងារគម្រោង និងបន្តពង្រឹងយន្តការសម្របសម្រួល ជាមួយ WFP សម្រាប់ការអនុវត្ត ផែនការសកម្មភាព ដែលនៅសល់ស្របតាមអនុស្សរណ នៃការយោគយល់ដែលបានឯកភាពជាមួយគ្នា និងបន្តកិច្ចសហការជាមួយអង្គការភី ដើម្បីបង្កើតមូលដ្ឋានរួមជាមួយភាគីពាក់ព័ន្ធ ក្នុងការធានាបាននូវប្រតិបត្តិការល្អ លើការផ្សាយសារជូនដំណឹងជាមុន អំពីហេតុការណ៍គ្រោះមហន្តរាយតាមស្ថានីយ៍វិទ្យុ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាប្រធានប្តូរវេនអាស៊ានសម្រាប់ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram