អគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរោងឈើ១ខ្នង ទូរកុងតឺន័រ ១គ្រឿង ព្រមទាំងសម្ភារៈគ្រឿងបន្លាស់គ្រឿងចក្រមួយចំនួន

រាជធានីភ្នំពេញ៖ យានដ្ឋានជុសជុលគ្រឿងចក្រមួយកន្លែង ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរោងឈើ១ខ្នង ទូរកុងតឺន័រ ១គ្រឿង ព្រមទាំងសម្ភារៈគ្រឿងបន្លាស់គ្រឿងចក្រមួយចំនួន បានរងការខូចខាត។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងប្រមាណ ២ និង ៤០ នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅយានដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


យានដ្ឋានជួសជុលគ្រឿងចក្រ ដែលត្រូវភ្លើងឆាបឆេះនោះ មានម្ចាស់ឈ្មោះ សែន វណ្ណៈ ភេទប្រុស អាយុ ៤១ឆ្នាំ។ សាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ ពុំបាននៅក្នុងយានដ្ឋាននោះទេ ស្រាប់តែភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ហៅរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ បាញ់ពន្លត់។
នគរបាល ការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ មានរថយន្តពន្លត់អគ្គិភ័យ ចំនួន ១១គ្រឿង ទៅអន្តរាគមន៍ បាញ់ពន្លត់ ដោយបាញ់អស់ ៦រថយន្ត ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាលដល់លំនៅឋាននៅក្បែរនោះឡើយ។
នគរបាលអោយដឹងទៀតថា រោងឈើប្រក់ស័ង្កសី ទំហំ ០២ម៉ែត្រ គុណ ០៦ម៉ែត្រ មួយខ្នង ត្រូវភ្លើងឆេះ រួមជាមួយសម្ភារៈគ្រឿងបន្លាស់គ្រឿងចក្រ ក្នុងទូរកុងតឺន័រមួយគ្រឿង ត្រូវភ្លើងឆេះ ខូចខាត។ មូលហេតុដែលកើតមានអគ្គិភ័យនេះ ត្រូវបាននគរបាល អោយដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram