មន្ត្រីនគរបាលនៃស្នងការខេត្តរាប់សិបនាក់ បានជួបជុំក្នុងកម្មវិធីផឹកស៊ីយ៉ាងសប្បាយនៅក្នុងភោជនីយដ្ឋានមួយកន្លែង នៅក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលនៃស្នងការខេត្តរាប់សិបនាក់ ក្នុងនោះ មានវត្តមានលោកស្នងការរងប៉ុន្មានរូបផង បានជួបជុំក្នុងកម្មវិធីផឹកស៊ីយ៉ាងសប្បាយនៅក្នុងភោជនីយដ្ឋានមួយកន្លែង នៅក្នុងក្រុងបាត់ដំបង កាលពីរាត្រីថ្ងៃទី១១ កញ្ញា ដែលគេខ្សឹបខ្សៀវថា ជាកម្មវិធី«កូនចៅជប់លៀងសប្បាយជាលើកចុងក្រោយជាមួយលោកស្នងការរង ទទូលផែនបុគ្គលិក ដែលបានប្រកាសចូលនិវត្តន៍»។ ពិតមែនតែកម្មវិធីដ៏មហាសប្បាយរកលេខដាក់គ្មានរបស់ក្រុមមន្ត្រីនគរបាលមួយក្រុមខាងលើនេះ ប្រមូលផ្ដុំគ្នាខាងក្នុង មិនចំហទ្វារស្វាគមន៍ភ្ញៀវដទៃមែន។

ប៉ុន្តែបាននិងកំពុងរងការរិះគន់ស្ទើរគ្រប់ទិសទីពីមហាជននិងមន្ត្រីនានាផង ដែលសកម្មភាពនេះ ហាក់មិនបានបង្ហាញនូវគំរូល្អអ្វីបន្តិចសោះ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ ផ្ទុយទៅវិញ សកម្មភាពលោកមន្ត្រីនគរបាលមួយក្រុម ដែលដឹកនាំដោយលោកស្នងការរងប៉ុន្មាននាក់ខាងលើនេះ កំពុងប្រព្រឹត្តបំពានទាំងស្រុងទៅនឹងសេចក្ដី ណែនាំរបស់ប្រមុខរាជដ្ឋាភិបាល និងច្បាប់ប្រឆាំងជំងឺ«កូវីដ១៩» របស់ក្រសួងសុខាភិបាល។
តាមរយៈរូបភាពប៉ុន្មានប្លង់នៃសកម្មភាពមហាសប្បាយ ក្នុងកម្មវិធីផឹកស៊ីរបស់ក្រុមលោកស្នងការរងប៉ុន្មាននាក់ខាងលើនេះ ដែលបានបែកធ្លាយឡើងវ៉ល់តាមនៅតាមបណ្ដាញសង្គម គេឃើញក្រុមលោកនគរបាល ដែលភាគច្រើនតឺនុយស៊ីវិល ប្រមាណចន្លោះពី២០ ទៅ៣០នាក់ បានផ្ដុំគ្នានៅចំកណ្ដាលខាងមុខឆាកតន្ត្រី នៃភោជនីយដ្ឋានដ៏ល្បីនោះ ។ នៅចំកណ្ដាលនៃហ្វូងអ្នកចូលរួម គេស្គាល់លោកស្នងការរងចំនួន០៣រូប លេចធ្លោជាងគេ ជាពិសេស គឺលោក អឹម កុសល ស្នងការរង ទទូលផែនផ្សព្វផ្សាយ និង ជាប្រធានក្រុមប្រតិកម្មរហ័ស នៃស្នងការខេត្ត និងលោកសៅ សាម៉ុន ស្នងការរង ដែលទើបប្រកាសចូលនិវត្តន៍ កាលពីប៉ុន្មានថ្ងៃមុននេះ ។ នៅក្នុងទិដ្ឋភាពនេះ ទំនងជាការកំពុងសំណេះសំណាលរវាងមេនិងកូនចៅ ដែលធ្លាប់មានប្រវត្តិបំពេញការងារជាមួយគ្នា តែគេមិនឃើញមានមន្ត្រីណាម្នាក់ពាក់ម៉ាស់ការពារ តាមការណែនាំរបស់សុខាភិបាលឡើយ ។

ពោល៖ ក្រុមមន្ត្រីដែលចូលរួមកម្មវិធីមហាសប្បាយខាងលើនេះ បានបំពានទាំងស្រុងទៅលើវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងបានប្រព្រឹត្តល្មើសទាំងស្រុងទៅនឹងបំរាមកូវីដ១៩ របស់ក្រសួងសុខាភិបាល។ ដំបូងគេ មិនបានដឹងថា តើមន្ត្រីនគរបាលមួយក្រុមដែលដឹកនាំដោយលោកស្នងការរងប៉ុន្មាននាក់នេះ ធ្វើកម្មវិធីអ្វីនៅក្នុងភោជនីយដ្ឋាននោះទេ ព្រោះឃើញមានការជួបជុំមនុស្សច្រើន រថយន្តស្អេកស្កះនៅខាងមុខហាង តែក្រោយពីបែកធ្លាយរូបភាព ពីសកម្មភាពសប្បាយៗ ទើបមានការភ្ញាក់ផ្អើលថា «មានមន្ត្រីនគរបាល ស្នងការខេត្តមួយក្រុមកំពុងប្រមូលផ្ដុំផឹកស៊ីយ៉ាងពពាក់ពពូន ហើយថែមទាំងមានរាំរែកទៀតផង»។ បើតាមមន្ត្រីដែលចូលរួមគម្រប់កិច្ចខ្លះ បានបង្ហើបឲ្យដឹងថា ការប្រមូលផ្ដុំផឹកស៊ីរបស់មន្ត្រីស្នងការមួយក្រុមខាងលើនេះ គឺជាកម្មវិធីជប់លៀងសប្បាយ និងសំណេះសំណាលជាលើកចុងក្រោយ រវាងកូនចៅ (មន្ត្រីថ្នាក់ក្រោម) ជាមួយ លោកសៅ សា
ម៉ុន ស្នងការរង ដែលទើបប្រកាសចូលនិវត្តន៍ មុនពេលបែកគ្នា។

ប្រភពនេះបានបញ្ជាក់ថា ការប្រមូលផ្ដុំគ្នារបស់លោកមន្ត្រីស្នងការនេះ មិនរំខានដល់អាជ្ញាធរ ក្រុង ឬ ខេត្ត ឬ ដល់ក្រុមការងារសុខាភិបាលទេ ។ បើទោះជាអ្នកចូលរួមទាំងអស់ អត់ពាក់ម៉ាស់ការពារ និងបំពានច្បាប់សុខាភិបាលពេញទំហឹងក្ដី ។ ជុំវិញសកម្មភាពរបស់ក្រុមមន្ត្រីនគរបាល មហាសប្បាយខាងលើនេះ រហូតមកដល់ត្រឹមពាក់កណ្ដាលថ្ងៃទី១២ កញ្ញា គេមិនទាន់ឃើញមានការប្រតិកម្មពីសំណាក់អាជ្ញាធរខេត្ត ឬ ក្រុមប្រតិកម្មរហ័ស នៃស្នងការខេត្ត ចេញមុខបកស្រាយបែបណា នៅឡើយទេ ចំពោះសកម្មបំពានបំរាមសុខាភិបាលខាងលើនេះ។ ប៉ុន្តែលោក សាត គឹមសាន ស្នងការខេត្ត បានអះអាងថា លោកនឹងធ្វើការសួរនាំអំពីរឿងនេះ។ លោក សាត គឹមសាន បានថ្លែងប្រាប់កោះសន្តិភាព តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ កញ្ញា ថា លោកបានឃើញរូបភាព នៃសកម្មភាពជួបជុំមហាសប្បាយរបស់មន្ត្រីនគរបាលស្នងការ មួយក្រុមនោះ តែលោកមិនបានដឹងថា តើគេរៀបចំធ្វើកម្មវិធីអ្វីទេ ? លោកបានថ្លែងដូច្នេះថា « ខ្ញុំបានឃើញរូបភាព ដែលគេធ្វើកម្មវិធី តែគេមិនបានដឹង ហើយពួកគេក៏មិនបានហៅខ្ញុំឲ្យចូលរួមដែរ។ ខ្ញុំយល់ថា វាមិនស័ក្តិសម តែខ្ញុំនឹងហៅមន្ត្រីពាក់ព័ន្ធមកណែនាំ»។

សូមរំលឹកថា មន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាកម្លាំងជួរមុខ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ១៩។ ហើយសូម្បីថ្នាំវ៉ាក់សាំងប្រឆាំងជំងឺដ៏កាចសាហាវនេះ ក៏រាជរដ្ឋាភិបាលផ្ដល់អាទិភាពឲ្យកម្លាំងជួរមុខនេះចាក់ការពារមុនដែរ ។ ជាងនេះទៅទៀត បើនិយាយពីប្រព័ន្ធផ្សព្វផ្សាយ (បណ្ដាញសង្គម) របស់ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋានខេត្តបាត់ដំបងនេះវិញ គេឃើញមានការប្រឹងប្រែងផ្សព្វផ្សាយណាស់អំពីការចូលរួមទប់ស្កាត់នូវការឆ្លងរាលដាលជំអឺកូវីដ១៩នេះ ដើម្បីឲ្យពលរដ្ឋបានជ្រាប។ប៉ុន្តែផ្ទុយទៅវិញ ក្រុមមន្ត្រីដែលចេះត្រឹមទន្ទិញរត់មាត់ជម្រុញឲ្យពលរដ្ឋចូលរួមទប់ស្កាត់កូវីដ១៩ បែរជានាំគ្នាប្រព្រឹត្តល្មើសនឹងបំរាមនេះយ៉ាងងងើល រហូតធ្វើឲ្យមហាជនសើចចំអកថា «គីង្គក់លក់ថ្នាំស្រែង»។ ទោះយ៉ាណា គេរង់ចាំមើលថា តើអាជ្ញាធរខេត្ត និង លោកស្នងការខេត្ត មានចំណាត់ការបែបណាទៅលើមន្ត្រីនគរបាលផឹកស៊ីសប្បាយមួយក្រុម ដែលដឹកនាំដោយលោកស្នងការរងប៉ុន្មានខាងលើនេះ ? ព្រោះបើពិនិត្យលើរូបភាព គេស្គាល់មុខមន្ត្រីធំៗ ច្បាស់ដូចថ្ងៃ៕

