កូនអកតញ្ញូម្នាក់ មិនដែលជួយធ្វើការងារឪពុកម្តាយ ដេកចាក់តែធុងបាស រំខានដល់អ្នកជិតខាង ពេលដែលឪពុក ប្រដៅណែនាំ បែរជាបង្កជម្លោះជាមួយឪពុក និងឈានដល់ទាត់ឪពុក ១ជើង

ខេត្តបន្ទាយមានជ័យ៖ កូនអកតញ្ញូម្នាក់ មិនដែលជួយធ្វើការងារឪពុកម្តាយ ដេកចាក់តែធុងបាស រំខានដល់អ្នកជិតខាង ពេលដែលឪពុក ប្រដៅណែនាំ បែរជាបង្កជម្លោះជាមួយឪពុក និងឈានដល់ទាត់ឪពុក ១ជើង ត្រូវឆ្អឹងជំនី ដួលបោកក្បាលនឹងប្រូស៊ីម៉ងត៍ របួសធ្ងន់។ ហេតុការណ៍កូនវាយឪពុកនេះ បានកើតឡើង នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


នគរបាលមូលដ្ឋាន បានឲ្យដឹងថា ឪពុកនោះ ឈ្មោះ ព្រំ ភិត អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកឯកូនអកតញ្ញូ ឈ្មោះ ភិត ចាន់ឌី អាយុ ៣៦ឆ្នាំ នៅផ្ទះជាមួយឪពុក ជាជនរងគ្រោះ។
ប្រភពដដែល បានបញ្ជាក់ថា ជនដៃដល់ ឈ្មោះ ភិត ចាន់ឌី នេះ មិនដែលជួយធ្វើការងារនោះទេ ដេកតែចាក់ធុងបាសរំខានគេឯង ដោយឃើញពីទង្វើរបស់កូនខុសគេដូច្នេះ ឪពុកបានណែនាំ ក៏កើតជារឿងជម្លោះ រហូតឈានដល់កូន ដែលប្រដៅមិនបាននេះ ទាត់ឪពុក ១ជើង ត្រូវចំឆ្អឹងជំនី បណ្តាលឲ្យដួលបោកក្បាលនឹងប្រូស៊ីម៉ងត៍ ពកចិញ្ចើមខាងមុខ និងឈឺចុកចាប់ត្រង់ឆ្អឹងជំនី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
នគរបាលបានបញ្ជាក់ថា ឈ្មោះ ភិត ចាន់ឌី នេះ ជាមុខសញ្ញាប្រើប្រាសគ្រឿងញៀន ធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន ២ដងរួចមកហើយ តែជននេះ មិនកែប្រែ។ ជនបង្ក ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិង្ហ ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram