បិទទ្វារក្រុមហ៊ុនភ្លេចយកម៉ូតូចូល លុះឆែកកាមេរ៉ាទើបដឹង និងបំបែកផ្លូវគ្នាតាមរកផ្អើ.ល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ទុកម៉ូតូមុខក្រុមហ៊ុន លុះពេលបិទទ្វារក្រុមហ៊ុន ភ្លេចអូសម៉ូតូចូលទុក ស្រាប់តែមានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច ប៉ុន្តែត្រូវម្ចាស់ម៉ូតូតាមទាន់ និងជិះម៉ូតូតាមធាក់ផ្តួល ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។


ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខសាលាបឋមសិក្សាអនុវត្តន៍ តាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


ជនសង្ស័យម្នាក់ដែលម្ចាស់ម៉ូតូឃាត់ខ្លួនបាននោះឈ្មោះ លី លន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពពីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ សៀមរាប 7324 (មិនចាំអក្សរពីមុខទុក) នៅក្រុមហ៊ុនវិរៈប៊ុនថាំ សាខាផ្សារថ្មី លុះពេលបិទទ្វារក្រុមហ៊ុន ចន្លោះម៉ោង១១យប់ បុគ្គលិកភ្លេចអូសម៉ូតូនោះចូលទុកក្នងក្រុមហ៊ុន លុះដល់វេលាម៉ោង១អាធ្រាត្រ ទើបភ្ញាក់ផ្អើលដឹងថាបាត់ម៉ូតូ ក៏បានឆែកមើលកាម៉េរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ឃើញជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX មកលួចកាច់កម៉ូតូរបស់គាត់យកចេញទៅ ។


តាមប្រភពដដែលបានបន្តថា ដោយនឹកស្តាយរបស់ទ្រព្យ គាត់ និងក្រុមការងារក៏បំបែកផ្លូវគ្នាតាមរក ខណៈពេលមកដល់មុខសាលាបឋមសិក្សាអនុវត្តន៍ ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ក៏ប្រទះឃើញម៉ូតូរបស់គាត់ ត្រូវជនសង្ស័យមានគ្នា២នាក់ កំពុងជិះ ។ នៅពេលឃើញដូច្នោះ គាត់ក៏ជិះទៅជិតធាក់ផ្តួលម៉ូតូ ធ្វើអោយជនសង្ស័យភ័.យស្លន់ស្លោរត់ចែកជើងគ្នា ។ ភ្លាមៗនោះ គាត់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់ផ្លោះរបងក្នុងសាលាបឋមសិក្សាអនុវត្តន៍ គេចខ្លួនបាត់ស្រមោល ។ ចំណែកម៉ូតូដែលជនសង្ស័យលួចកាច់កបាននោះ ត្រូវក្រុមជនសង្ស័យលួចដោះដូរស្លាកលេខ ដោយដាក់ស្លាកលេខ ភ្នំពេញ1BM-4532 ដែលមិនមែនជាស្លាកពិតប្រាកដរបស់ម៉ូតូគាត់ទេ ។ បន្ទាប់ពីម្ចាស់ម់ូតូឃាត់ខ្លួនបាន ជនសង្ស័យរូបនោះត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃ ម្នាក់ជើងរងរបួសទ្រោមខ្លួន ។


ក្រោយកើតហេតុ ករណីខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកល្អក់៣ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារថ្មី២ ដើម្បីនាំខ្លួនជនសង្ស័យយកទៅចាត់ការតាមនិតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram