បង្ក្រាបផ្ទះជួញដូរភ្លុកដំរី២ទីតាំង ឃាត់ខ្លួនប្រុសស្រី២នាក់ និងភ្លុកដំរីជាច្រើនដុំ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងលួចលាក់ជួញដូរភ្លុកដំរី ចំនួន២កន្លែងស្ថិតនៅជាប់គ្នា ត្រូវកម្លាំងចម្រុះក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ បានចុះបង្ក្រាបឈ្មួញជួញដូរសំណាកភ្លុកដំរី ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតបានភ្លុកដំរីឆ្លាក់រួច និងមិនទាន់ឆ្លាក់សរុបទាំងអស់ចំនួន១០៩ដុំ ដែលមានទង្ងន់ប្រមាណជាង៤គីឡូក្រាម ។

ប្រតិបត្តិការបង្ក្រាបភ្លុកដំរីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ក្រោមការដឹកនាំសម្របសម្រួលពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ហើយទីតាំងដែលលួចលាក់ជួញដូរសំណាកភ្លុកដំរីនោះ គឺនៅចំណុចផ្ទះលេខE41 និងផ្ទះលេខE43 ក្នុងបុរីមនោរម្យ ស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមព័ត៌មានបានអោយដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងជំនាញនៃរដ្ឋបាលព្រៃឈើពីទីតាំងខាងលើដែលលួចលាក់ជួញដូរសំណាកភ្លុកដំរីនេះ សមត្ថកិច្ចជំនាញក៏បានស្នើសុំទៅព្រះរាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅឆែកឆេរ និងបង្ក្រាបតែម្តង។

តាមសមត្ថកិច្ចអោយដឹងថា នៅក្នុងប្រតិបត្តិការឆែកឆេរទីតាំងទី១ គឺផ្ទះ លេខE41 ដែលមានម្ចាស់ឈ្មោះ ស៊ិន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងចម្លាក់ ហើយសមត្ថកិច្ចក៏ដកហូតបានភ្លុកដំរីឆ្លាក់រួចចំនួន៨ដុំ និងភ្លុកដំរីមិនទាន់ឆ្លាក់ចំនួន២៦ដុំ សរុបមានចំនួន៣៤ដុំ ស្មើនឹងទង្ងន់១,៨គីឡូក្រាម។

ដោយឡែកទីតាំងទី២វិញ គឺផ្ទះលេខE43 ក្នុងបុរីមនោរម្យ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ មានផ្ទះជាប់គ្នា ដែលមានម្ចាស់ឈ្មោះ ធី សុម៉ាលី ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ ហើយក៏ត្រូវបានសមត្ថកិច្ចដកហូតភ្លុកដំរីឆ្លាក់រួចចំនួន១៥ដុំ ដែលមានទង្ងន់០,៩០គីឡូក្រាម និងភ្លុកដំរីមិនទាន់ឆ្លាក់ចំនួន៦០ដុំ ដែលមានទង្ងន់១,៥០គីឡូក្រាម, សរុបទាំងឆ្លាក់រួច និងមិនទាន់ឆ្លាក់ចំនួន៧៥ដុំ ស្មើនឹងទង្ងន់២,៤គីឡូក្រាម។

សមត្ថកិច្ចបញ្ជាក់ថា សរុបទាំង២ផ្ទះខាងលើនេះ គឺដកហូតបានភ្លុកដំរីទាំងអស់ចំនួន១០៩ដុំ ដែលស្មើនឹងទង្ងន់៤,២គីឡូក្រាម។ តាមសមត្ថកិច្ចអោយដឹងទៀតថា វត្ថុតាំងដែលត្រូវបានដកហូត ហើយម្ចាស់ ផ្ទះទាំង២នាក់ខាងលើ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើផងដែរ៕

