រថយន្ដស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីរូបស្រស់ម្នាក់ និងរួមដំណើរដោយនារីរូបស្រស់ម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងល្បឿនលឿន ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ជ្រុលទៅបុកផ្ទប់នឹងបង្គោលភ្លើងស្តុបយ៉ាងពេញទំហឹង…

រាជធានីភ្នំពេញ ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីរូបស្រស់ម្នាក់ និងរួមដំណើរដោយនារីរូបស្រស់ម្នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងល្បឿនលឿន ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ជ្រុលទៅបុកផ្ទប់នឹងបង្គោលភ្លើងស្តុបយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តរួញស្រុញមួយកំណាត់មុខ និងផ្ទុះពោងសុវត្ថិភាព តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។


ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលា៩យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំនុចស្តុបវត្តលង្ការ តាមបណ្ដោយមហាវិថីព្រះសីហនុ កែងផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្ដបង្កមួយគ្រឿង ម៉ាក MASERATI LEVATE ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 2Q-0009 បើកបរដោយនារីរូបស្រស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ និងនារីម្នាក់ទៀតជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណនោះទេ ។


តាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឃើញនារីរូបស្រស់ចំនួន២នាក់ជិះក្នុងរថយន្តមួយគ្រឿងខាងលើធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ជ្រុលទៅបុកផ្ទប់នឹងបង្គោលភ្លើងស្តុបយ៉ាងពេញទំហឹងចំហៀងខាងស្តាំរថយន្ដ បណ្តាលអោយរថយន្តរងការខូចខាតខ្ទេចមួយកំណាត់រួញស្រុញមុខ និងផ្ទុះពោងសុវត្ថិភាព ចំណែកបង្គោលភ្លើងស្តុបបានរងការខូចខាតក្រពិតតិចតួច ។


បន្ទាប់ពីបង្កហេតុ គេឃើញនារីរូបស្រស់២នាក់បានចេញពីរថយន្តឡើងជិះម៉ូតូកង់បី គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ លុះមួយសន្ទុះក្រោយ ក៏មានតំណាងរថយន្ដបង្កបានមកដល់កន្លែងកើតហេតុ ហើយថែមទាំងហៅរថយន្ដស្ទូចមកកន្លែងកើតហេតុ ក្នុងគោលបំណងស្ទូចរថយន្តបង្កគេចចេញពីកន្លែងកើតហេតុ ទាំងសមត្ថកិច្ចជំនាញ មិនទាន់បានវាស់វែង ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានហាមឃាត់ ព្រោះរថយន្ដខាងលើបើកបុកបង្គោលភ្លើង ធ្វើអោយខូចខាតទ្រព្យសម្បត្តិសាធារណៈ។
ក្រោយពេលកើតហេតុ រថយន្ដបង្ក ត្រូវសមត្ថកិច្ចជំនាញវាស់វែង និងស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram