ផ្លូវ៩៣ដ៏មមាញឹកនៅទួលសង្កែ មាន១កង់លិចទឹកជាប់ប្រចាំជះក្លិនស្អុយ ក្រោយពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ…

រាជធានីភ្នំពេញ ៖ ផ្លូវលេខ៩៣ គឺជាផ្លូវដ៏មមាញឹកមួយនៅសង្កាត់ទួលសង្កែទី១ ប៉ុន្តែមានផ្លូវមួយកង់ខ្លីត្រូវស្ទះលូ បណ្តាលឱ្យលិចទឹករហូតមានក្លិនស្អុយស្ទើរជាប់ជាប្រចាំ តែហាក់គ្មានឃើញអាជ្ញាធរណាឈឺឆ្អាល យកចិត្តទុកដាក់ស្ដារលូ ឬដាក់លូថ្មីឡើយ ទោះបីជាលូនៅទីនោះជាលូចាស់ ហើយតូចក៏ដោយ ថែមទាំងមានដីហូរពីទីខ្ពស់ចុះមកទៀត ដែលជាហេតុនាំឲ្យមានការស្ទះលូ រហូតដល់ទឹកឡើងស្អុយ ព្រោះតែទឹកហូរចូលលូមិនរួច។
កន្លែងដែលលូស្ទះទឹកល្ហល្ហាចនោះ មានមួយកង់ប្រវែងប្រហែលមិនដល់១០០ម៉ែត្រផងនៅចំណុចភូមិចុងខ្សាច់។ ទឹកដែលលិចនៅទីនោះ ត្រង់កន្លែងទាបដល់ជិតជង្គង់ ខណៈពេលមានភ្លៀងធ្លាក់ខ្លាំង ហើយក្រោយពេលភ្លៀងរាំងវិញបានយូរបន្តិច ទឹកនៅទីនោះគ្រាន់តែស្រកចុះបានតិចតួចតែប៉ុណ្ណោះ។
អាណិតមនុស្សដែលរស់នៅត្រង់ផ្ដុំនោះណាស់ ហើយផ្លូវជាសាធារណៈទៀត ដោយពិបាកពេកជាច្រើនឆ្នាំហើយ អ្នករស់នៅទីនោះតែងតែនាំគ្នារ៉ៃលុយតាមការស្ម័គ្រចិត្ត ដើម្បីជួលគេបូម តែមិនទាន់បានប៉ុន្មានផង ក្រោយភ្លៀងធ្លាក់ខ្លាំងក៏ស្ទះសារជាថ្មីម្តងទៀត។ ផ្លូវមួយកំណត់នោះ ពេលនេះខូចស្ទើរទាំងស្រុង រឹតតែបង្កការលំបាកទាំងអ្នកភូមិនៅទីនោះ ទាំងបណ្ដាអ្នកធ្វើដំណើរ ទាំងយានយន្ត និងអ្នកដើរថ្មើរជើងទៀត ព្រោះតែស្ទះលូ និងមានទឹកដ៏ស្អុយនេះ។ មិនត្រឹមតែប៉ុណ្ណោះអាណិតតែពួកក្មេងៗ ពេលនេះសាលារៀនបើកឡើងវិញហើយ ពិតជាត្រូវដើរកាត់ទឹកដ៏ស្អុយទៅរៀនហើយ។
បើតាមប្រជាជនរស់នៅតំបន់នោះថា ផ្លូវ៩៣ ជាផ្លូវមានតាំងពីសម័យបារាំងមកម៉្លេះ ទោះបីជាផ្លូវនោះមិនសូវធំ ។ ផ្លូវនោះក៏ដូចជាផ្លូវទូទៅក្នុងក្រុងដែរ កាលពីមុនខូចអស់ តែក្រោយពីមានការអំពាវនាវរបស់សម្ដេចប្រមុខរដ្ឋាភិបាលឲ្យពលរដ្ឋជួយធ្វើផ្លូវថ្នល់ឡើងវិញ ប៉ុន្តែព្រោះតែយើងក្រ ហើយតាមរយៈគោលនយោបាយ៥០បូក៥០ ផ្លូវ៩៣មួយកំណាត់វែងចាប់ពីផ្សារតូចមកសាលាពញ៉ាក្រែកត្រូវបានសម្ដេច លោកជួយចាក់បេតុងឲ្យ១០០%។


ចំណែកផ្លូវនោះ ចាប់ពីសាលាពញ៉ាក្រែកទៅផ្លូវរទេះភ្លើងវិញ ត្រូវបានប្រជាពលរដ្ឋចូលរួមកសាងតាមរូបមន្ត៥០បូក៥០ និងបានដាក់លូខ្លួនឯងផងដែរ។ តែពេលនេះ លូចាស់តូច ហើយធ្វើពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវផង មិនអាចធានាបាន ទើបនាំឲ្យស្ទះទឹកលិចបែបនេះ ចំណែកពេលនេះមានមនុស្សរស់នៅកាន់តែច្រើនកុះករ មិនដូចកាលមុនប្រទេសមិនទាន់អភិវឌ្ឍន៍នោះទេ។
មនុស្សកាន់តែច្រើន យានយន្តកាន់តែច្រើន ផ្លូវតូច លូក៏ស្ទះ ទឹកស្អុយក៏លិច គិតមើល៍ តើប្រជាជនរស់នៅតំបន់នោះ និងបណ្ដាអ្នកដំណើរឆ្លងកាត់ពិបាកបែបណា?គេតែងសរសើរផ្លូវនោះគ្រប់គ្នាថា ទោះជាមានការចរាចរណ៍មមាញឹកយ៉ាងណា ហើយមានឡានដឹកដីធ្ងន់ៗបន្តកន្ទុយគ្នារាល់ថ្ងៃ គ្រាន់តែចាក់បេតុងមិនជាក្រាស់ មានឆ្អឹងប្ញស្សីសោះ តែផ្លូវនោះនៅតែជាប់រហូតមកដល់សព្វថ្ងៃនេះ។
ឥឡូវផ្លូវមួយកំណាត់ពីសាលាពញ៉ាក្រែក ទៅផ្លូវរទេះភ្លើង ត្រូវខូចមែនទែនហើយ សំខាន់មកពីទឹកលិចស្ទះលូជាប់ហ្នឹងឯង។មកដល់ដំណាក់កាលនេះ ពលរដ្ឋរស់នៅផ្ដុំនោះលែងមានលទ្ធភាពក្នុងការជួលឡានបូមទៀតហើយ ព្រោះហួសសមត្ថភាព។ ដូច្នេះពលរដ្ឋរស់នៅទីនោះ មានតែទទូចស្នើដល់អាជ្ញាធរ សង្កាត់ ខណ្ឌ និងក្រុង មេត្តាចាប់អារម្មណ៍ជួយដោះស្រាយជាបន្ទាន់ផង ព្រោះឮតែគម្រោង មិនឃើញធ្វើអ្វីសោះយូរឆ្នាំមកហើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram