សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ក្នុងឱកាស…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរ
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ក្នុងឱកាសពិធីរំឭកខួបគម្រប់៣០ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលប្រារព្ធរៀបចំឡើងនៅបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០នេះ។


សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមកាកបាទក្រហមកម្ពុជា និងខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ ប្រកបដោយក្ដីសោមនស្សរីករាយ ឥតឧបមា ក្នុងឱកាសទិវាខួបអនុស្សាវរីយ៍គម្រប់៣០ឆ្នាំ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍ គម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលត្រូវប្រារព្ធពិធី នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
ស្ថិតក្នុងបរិយាកាសដ៏សែនមនោរម្យនេះ ខ្ញុំសូមសាកសួរសុខទុក្ខ និងជូនពរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងមូល ព្រមទាំងក្រុមគ្រួសារ សូមទទួលនូវការស្រឡាញ់ រាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាទាំងអស់។
កងវរសេនាតូចលេខ២៤៦ បានបង្កើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ បានវិវត្តន៍ខ្លួនជាលំដាប់លំដោយ រហូតបង្កើតបានជាបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩។ អង្គភាពនេះស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងឯកឧត្តម នាយខត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ព្រមទាំងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានចូលរួមចំណែកបម្រើសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដូចជា លី លើក ច្រក ដឹកជញ្ជូន ដល់គោលដៅបានទាន់ពេលវេលា ជួយដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលបានលទ្ធផល ដ៏ត្រចះត្រចង់។ «ទីណាប្រជាជនមានការលំបាក និងទុក្ខព្រួយ ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយភ្លាមៗ»
ជាទីបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងខ្ញុំផ្ទាល់ សូមប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និង លោកជំទាវ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram