គ្រោះចៃដន្យ! កម្មករដំឡូងមីកំពុងបូមខ្យល់កង់គោយន្ត ក៏ជួបគ្រោះអកុសលភ្លាមៗ

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ជាកម្មករស្តង់លក់ និងទិញដំឡូងមី បានស្លា.ប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលកំពុងបូមខ្យល់កង់គោយន្តកន្ត្រៃលើសចំណុះបណ្តាលឲ្យផ្ទុះតែម្តង ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តង់ទិញ និងលក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។


ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ដាំ សាវិន ភេទប្រុសអាយុ១៧ឆ្នាំ ជាពលរដ្ឋរស់នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក បានទៅធ្វើកម្មករស៊ីឈ្នួលកិន និង ហាលស្តង់ដំឡូងមីឱ្យគេ ដែលមានម្ចាស់ឈ្មោះ គៀវ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។


ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរាស់ដំឡូងមីដែលកិនហើយ ដើម្បីរៀបចំហាល ស្រាប់តែកង់គោយន្តខាងឆ្វេងរាងធូរ ពេលនោះជនរងគ្រោះក៏បានបើកគោយន្តទៅបូមខ្យល់ដាក់កង់នៅកន្លែងស្តង់ ខណៈពេលដែលកំពុងតែបូមខ្យល់នោះ ជនរងគ្រោះរវល់តែនិយាយលេងជាមួយអ្នកផ្សេង ភ្លេចមើលទម្ងន់ខ្យល់ បណ្តាលឲ្យលើសចំណុះក៏ផ្ទុះកង់តែម្តង ហើយក៏ត្រូវថាសកង់គោយន្តរបូតប៉ើងបុកត្រូវចំចិញ្ចើមខាងឆ្វេងរបស់ជនរងគ្រោះ បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram