ករណីមាននារីវ័យក្មេងម្នាក់ជិះម៉ូតូដួលតែម្នាក់ឯង ពេលដឹងខ្លួនវិញមិននិយាយអ្វីទាំងអស់

រាជធានីភ្នំពេញ ៖ នារីជាបុគ្គលិកស្រាក្រឡុកម្នាក់បានជិះម៉ូតូសុកៗក៏បានងងឹតមុខដួលតែឯងលើដងផ្លូវ ហើយបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយមកដឹងដល់ថៅកែក៏បានចុះទៅនាំយកទៅកាន់មន្ទីរពេទ្យ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤ និង១០នាទីរល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ OCIC ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


នារីរូបនោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជិត២០ឆ្នាំ ជាបុគ្គលិកហាងលក់ស្រាក្រឡុកមួយកន្លែង នៅជ្រោយចង្វារ ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-6891 មួយគ្រឿង។ សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីវ័យក្មេងរូបនោះបានជិះម៉ូតូមួយគ្រឿងខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវ OCIC ក្នុងទិសដៅពីជើងទៅត្បូង តែម្នាក់ឯង ពេលមកដល់កន្លែងកើតហេតុទំនងជាងងឹតមុខក៏បានដួលតែឯង។ ភ្លាមៗនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ ហើយក៏បានចុះទៅជួយលើក និងបានសួរនាំ តែនាងមិននិយាយអ្វីទាំងអស់។


លុះក្រោយមកក៏មានអ្នកស្គាល់ថា ជាបុគ្គលិកស្រាក្រឡុកនៅក្បែររង្វង់មូលនាងមច្ឆា ហើយក៏បានទាក់ទងហៅថៅកែឲ្យមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបាននគរបាលប៉ុស្តិ៍ជ្រោយចង្វារនាំយកទៅរក្សាទុក។ តាមព័ត៌មានឲ្យដឹងថា នារីរូបនោះ នៅយប់ថ្ងៃទី០៧ខែ កក្កដា បានធ្វើការរហូតដល់ជិតភ្លឺ មិនបានដេកពួននោះទេ ហើយសង្ស័យនាងខ្យល់ក៏បានងងឹតមុខដួលតែម្តង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram