ភ័យពេក រត់បះសក់ ចូលព្រៃបាត់ស្រមោល ខណ:ពលរដ្ឋ អះអាងថា ឈូសឆាយយកដីកម្មសិទ្ធិពួកគាត់ ហើយនាំគ្នាដេញព័ទ្ធពីក្រោយ

ខេត្តកណ្តាល៖ កាលព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានឈ្មួញសុច្ចរិតមួយក្រុម បានចុះបាញ់ម៉ាស៊ីនGPS វាស់វែង និងដាក់គ្រឿងចក្រ ត្រាក់ទ័រ ចំនួន ២គ្រឿង ទៅឈូសឆាយយកដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ជាង ៣០០គ្រួសារ នៅក្នុងភូមិលេខប្រាំ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ គ្រឿងចក្រនោះ បានឈូសឆាយអស់ប្រហែល ៣០០ម៉ែត្រ ក៏ធ្វើអោយប្រជាពលរដ្ឋ ក្តៅក្រហាយ នាំគ្នាដេញព័ទ្ធគ្រឿងចក្រ នាំឲ្យអ្នកបើកបរ បើករត់ចូលព្រៃ បាត់ស្រមោល ទាំងព្រលឹងចុងសក់។
ប្រជាពលរដ្ឋ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ដីនេះ ស្ថិតនៅខាងក្រោយភូមិលេខប្រាំ ដែលរដ្ឋអំណាច ចែកអោយតាំងពីសម័យរដ្ឋកម្ពុជា មានទាំងបង្កាន់ដៃ កាន់កាប់ប្រើប្រាស់ដីធ្លី ទទួលស្គាល់ពីមេភូមិ ខ្លះមេឃុំ ម្នាក់ទំហំប្រវែង ៤០ម៉ែត្រ ៣០ម៉ែត្រ ឬ ២០ម៉ែត្រ ទៅតាមរបបចំនួនសមាជិកគ្រួសារតិច ឬច្រើន ដើម្បីបង្កបង្កើនផលដំណាំស្រូវចិញ្ចឹមជីវិត។
ពលរដ្ឋបន្តទៀតថា ដោយសារខ្វះប្រភពទឹកស្រោចស្របស្រូវ ពួកគាត់ក៏លែងធ្វើស្រូវ នាំគ្នាជីកស្រះដាក់សម្រាស់ យកត្រីចិញ្ចឹមជីវិតវិញ ទើបបានជាមានព្រៃកក់ ដុះច្រើនបែបនេះ។ ស្រាប់តែនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ មានជនសុច្ចរិតមួយក្រុម ចុះមកវាស់វែងបាញ់ម៉ាស៊ីន(ជីភីអេស) និងដាក់ត្រាក់ទ័រ ២គ្រឿង ឈូសឆាយដល់ដីកម្មសិទ្ធិរបស់ពួកគាត់ ដែលមិនទាន់បានលក់ ឬទទួលលុយកក់ពីឈ្មួញណាម្នាក់នោះឡើយ អស់ប្រវែងជា ៣០០ម៉ែត្រ។


ពេលឃើញដូច្នេះ ប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅអាជ្ញាធរឃុំប្រាសាទ និងមេភូមិ អោយជួយអន្តរាគមន៍ទប់ស្កាត់។ ប៉ុន្តែគ្មានអាជ្ញាធរណាម្នាក់ ចុះមកជួយអន្តរាគមន៍នោះទេ ទើបពួកគាត់ ជាម្ចាស់ដី នាំគ្នា ចុះទៅបំណងសួរនាំ តែក្រុមជនសុច្ចរិតទាំងនោះ គ្រាន់តែឃើញប្រជាពលរដ្ឋ ក៏បើកត្រាក់ទ័ររត់ចូលព្រៃអស់ទៅ។
បញ្ហានេះ ធ្វើអោយពលរដ្ឋ មានការព្រួយបារម្ភ ខ្លាចឈ្មួញឃុបឃិតគ្នា ក្លែងបន្លំឯកសារ រំលោភយកដីកម្មសិទ្ធិរបស់ខ្លួន។ ពួកគាត់ សូមសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយទប់ស្កាត់ការពារដីប្រជាពលរដ្ឋផង។
ពាក់ព័ន្ធករណីនេះ លោកស្រី ប៉ិល សាត សមាជិកភូមិ តំណាងអោយលោក អោម ព្រឿង មេភូមិលេខប្រាំ ក៏បានទទួលស្គាល់ថា ដីនេះ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលរដ្ឋអំណាចចែកអោយតាំងពីសម័យរដ្ឋកម្ពុជា និងមានបង្កាន់ដៃកាន់កាប់ប្រើប្រាស់ដីធ្លីពិតប្រាកដមែន ហើយដីនេះ ប្រជាពលរដ្ឋគាត់ក៏មិនទាន់បានលក់ ឬទទួលយកលុយកក់ពីឈ្មួញណាម្នាក់ដែរ។
ចំណែកលោក ឈាង លី មេឃុំប្រាសាទ និងលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ភ្នាក់ងារយើង មិនអាចទំនាក់ទំនង សូមការបំភ្លឺបានទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram