ឃើញជនរងគ្រោះដេញតាម បុរសម្នាក់ភ័យស្លន់បើករត់បុករះបន្តកន្ទុយគ្នា

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្ត ម៉ាក Starex មួយគ្រឿងបើកកៀររថយន្ត Ford មួយគ្រឿងទៀត បណ្តាលឲ្យទាក់ដាច់កញ្ចក់ ហើយមិនព្រមឈប់ដោះស្រាយនោះទេ បែរជាព្យាយាមបើករត់គេច ក៏ត្រូវម្ចាស់រថយន្ត Ford Ranger បើកដេញតាមឃាត់ ធ្វើអោយរថយន្តStarex ភ័យស្លន់ស្លោ ក៏ជិះរត់គេចទៅបុករះរថយន្ដបន្តកន្ទុយគ្នាអស់ចំនួន៥គ្រឿងទៀត ធ្វើឱ្យរងការខូចខាតយ៉ាងដំណំ សរុបទាំងអស់គឺមានរថយន្ត៦គ្រឿងដែលត្រូវរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
សេចក្តីរាយការណ៍បន្តថា រថយន្ដបង្កខាងលើម៉ាក Starex HVX ពណ៌ស ពាក់ស្លាកលេខ កណ្ដាល2A-7247 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ។


បើតាមប្រភពពីអ្នកដឹងហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺរថយន្តបង្កម៉ាកStarex ខាងលើ បានបើកកៀររថយន្តម៉ាក Ford Ranger មួយគ្រឿងមិនចាំស៊េរី នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បណ្តាលឲ្យរថយន្ត Ford ដាច់កញ្ចក់ ។


ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបង្កហេតុរួច រថយន្ដបង្កបានព្យាយាមបើករត់គេចខ្លួនក្នុងល្បឿនលឿនដូចហោះ តែក៏ត្រូវរថយន្ត Ford ដេញតាមឃាត់ពីក្រោយក្នុងល្បឿនលឿនដូចគ្នា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់កែងផ្លូវលេខ២៥៦ រថយន្តបង្កក៏បត់ស្ដាំយ៉ាងលឿនទាំងភ័យស្លន់ស្លោ រហូតដល់ផ្លូវបំបែកជាបួនក៏ទៅបុកកៀរបញ្ឆិតនឹងរថយន្តមួយគ្រឿង ម៉ាក PATROL ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01.2-1032 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច បណ្តាលឲ្យអោយរថយន្ត PATROL រងគ្រោះ វិលក្បាលត្រលប់ក្រោយវិញ ក៏ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរងការខូចខាតខ្ទេចអស់មួយកំណាត់មុខ ។


ប្រភពដដែលបន្តទៀតថា ចំណែករថយន្តបង្កវិញ នៅមិនទាន់អស់ល្បឿននោះទេ ក៏បន្តរ៉េចង្កូតទៅបុករះរថយន្តបន្តកន្ទុយគ្នាចំនួន៤គ្រឿងទៀត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំផងដែរ ក្នុងនោះមានរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្លែ រុញទៅបុករថយន្តម៉ាក Kia morning ហើយបន្តរុញទៅបុករថយន្តមួយគ្រឿងម៉ាកកាមរីគូទហើម ។ ហើយរថយន្តកាមរីគូទហើមនោះ ក៏ខ្ទាតទៅបុករថយន្តកាមរីហាយប្រីដស៏មួយគ្រឿងទៀត បណ្តាលឲ្យរថយន្តទាំងបួនគ្រឿងរងការខូចខាតយ៉ាងដំណំ ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនោះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ចំណែកអ្នកបើករថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅសល់តែរថយន្តរងគ្រោះទាំង៥គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់អោយសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram