ឃើញនាងទើបចេញពីលក់ដូរ ឆ្លៀតធ្វើសកម្មភាពលើនាងតាមផ្លូវ តែមិនសម្រេច
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មាននារីម្នាក់ខណៈពេលជិះម៉ូតូចេញពីកន្លែងលក់ដូរ ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់យកកាបូបតែមិនបានសំរេចនោះទេ ប៉ុន្តែធ្វើអោយនារីរងគ្រោះដួលម៉ូតូរងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ជិតនឹងស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

តាមសម្តីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូកូនទា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1E 2706 ចេញពីកន្លែងលក់ដូរ នៅម្តុំផ្សារស្ទឹងមានជ័យ ក្នុងគោលបំណងត្រលប់ទៅផ្ទះវិញនៅម្ដុំទួលសង្កែ ខណ្ឌឫស្សីកែវ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីលិចទៅកើត ។

នារីរងគ្រោះបន្តថា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ហើយជិះមកវ៉ាខាងស្ដាំដៃ រួចក៏ធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ដែលស្ពាយដាក់ពីមុខ តែមិនបានសម្រេចនោះទេ ធ្វើអោយរូបគាត់ដួលម៉ូតូ បណ្តាលឱ្យរងរបួសរលាត់ដៃជើងអស់មួយចំហៀងខាងស្ដាំផងដែរ។ ដោយឡែកជនសង្ស័យវិញ នៅពេលធ្វើសកម្មភាពមិនបានសំរេចហើយ ក៏បន្ថែមល្បឿនម៉ូតូជិះបន្តទៅមុខរត់គេចខ្លួនបាត់ស្រមោលទៅ។

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋបានជួយជូត និងលាងរបួសអោយនារីរងគ្រោះផងដែរ ។

ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទំនប់ទឹក បានចុះទៅកន្លែងកើតហេតុ និងបានសាកសួរនាំនារីរងគ្រោះ និងបានអោយនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ នគរបាលទំនប់ទឹក ដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញា តែនារីរងគ្រោះមិនព្រមទៅនោះទេ គឺរង់ចាំសាច់ញាតិមកទទួលយកទៅផ្ទះវិញ ៕


