សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ៖ កម្ពុជាទទួលប្រាក់ចំណេញរាប់រយលានដុល្លារ បន្ទាប់ពីមានការគ្រប់គ្រងការនាំចូលជ្រូករស់បានល្អ
ភ្នំពេញ៖តាមការសង្កេតរបស់ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា , ប្រទេសកម្ពុជា ទទួលប្រាក់ចំណេញរាប់រយលានដុល្លារ បន្ទាប់ពីមានការគ្រប់គ្រងការនាំចូលជ្រូករស់បានល្អ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយបានធ្វើឲ្យមានតុល្យភាពគ្នារវាងតម្រូវការ និង ការផ្តត់ផ្គង់ ជាពិសេសបានរក្សាស្ថេរភាពតម្លៃជ្រូករស់ជូនអ្នកចិញ្ចឹមក្នុងស្រុក និង អ្នកទទួលទានសាច់ជ្រូកបានល្អ ។


សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា នៅ២ឆ្នាំចុងក្រោយនេះ ល្បឿននៃផលិតកម្មក្នុងស្រុក បានកើនឡើងខ្ពស់ដោយកសិដ្ឋានខ្នាតពាណិជ្ជកម្ម និង រោងចក្រផលិតចំណីសត្វ បានបន្តពង្រីកជាបន្តបន្ទាប់និងបានបង្កើតការងារផ្ទាល់រាប់ពាន់កន្លែងជូនប្រជាពលរដ្ឋយើង និង បានស្រូបយកកសិផលរាប់ម៉ឺនតោនដើម្បីបំប្លែងធ្វើចំណីសត្វដូចជា ពោត ចុងអង្ករ ដំឡូងមី កន្ទុក ។ល។ ជាពិសេសទៀតវិស័យចិញ្ចឹមជ្រូក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និង អាចប្រកួតប្រជែងជាមួយប្រទេសនានាក្នុងតំបន់នាពេលខាងមុខ ផងដែរ ។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមក បានជំរុញលើកទឹកចិត្តឲ្យកសិករ និង ក្រុមហ៊ុនក្នុងស្រុក បង្កើនការដាំដុះ ចិញ្ចឹមសត្វ និង ត្រី បង្កើនផលិតភាពក្នុងវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញថែមទៀតនាពេលខាងមុខ ។
លើសពីនេះ សម្តេច បានផ្តួចផ្តើមនូវកញ្ចប់ថវិកាចំនួន៥០លានដុល្លារ ដែលមានការប្រាក់ទាបតាមរយៈធនាគារកសិកម្ម និង អភិវឌ្ឍន៍ជនបទជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វ ។

សូមបញ្ជាក់ថា ថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏ដូចជា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានពិនិត្យឃើញថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទខុសពីការពិតពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជ្រូកនៅព្រះរាជាណាចក្រកម្ពុជា ដែលមិនបានសិក្សាច្បាស់លាស់ ធ្វើឲ្យសាធារណជនមានការយល់ច្រឡំមកលើក្រសួងកសិកម្ម ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ៕



