ទឹកដោះម្តាយថ្លៃ! ទារកម្នាក់ផុតគ្រោះថ្នាក់ពីភ្លើងឆេះទូក នៅកណ្តាលសមុទ្រ ក្នុងកោះរ៉ុង

ខេត្តព្រះសីហនុ ៖ ពិតជាទឹកដោះម្តាយថ្លៃ ទារកម្នាក់ បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក្នុងឧបទ្ទវហេតុ អគ្គិភយ័ឆាបឆេះទូកមួយគ្រឿង ពេលកំពុងបើកបរកណ្ដាលសមុទ្រ នៅកោះរ៉ុង ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។


យោងតាមលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងមានករណីឆេះទូកខិ (ទូករត់ដរ) លើសមុទ្រ លោកបានចេញអូប័រល្បឿនលឿន ទៅអន្តរាគមន៍ជួយសង្គ្រោះ នៅទីតាំងកើតហេតុភ្លាមៗផងដែរដោយ ស្រង់បានមនុស្សចំនួន១១នាក់ (ក្នុងចំណោមនោះ មានស្ត្រី៦នាក់ មានទាំងមនុស្សចាស់និងក្មេងតូច រួមនឹងទារកម្នាក់ផង) ពីទឹកសមុទ្រ ដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងនាំយកអ្នករងបួសមកមន្ទីរពេទ្យ ។


លោក នួន ប៊ុនថុល បន្តថា ទូកដែលឆេះនេះ ជាទូកដឹកទំនិញ មានទំហំទទឹង៣.៤ម៉ែត្រ និងបណ្តោយ១៣ម៉ែត្រ កម្លាំងម៉ាស៊ីន១៣០សេស ដែលមានម្ចាស់ទូកឈ្មោះ រត្ន័ ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
លោកអភិបាលក្រុងកោះរ៉ុង ក៏បានបញ្ជក់ថា ហេតុការណ៍នេះបានបណ្តាលឲ្យស្ត្រីម្នាក់បាត់បង់ជីវិត មានឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំ និងរងបួសមនុស្សចំនួន០៦នាក់(ស្រី១នាក់) ក្នុងនោះរបួសធ្ងន់ម្នាក់ ជាអ្នកបើកបរទូក ។ សពស្ត្រីរូបនេះ ត្រូវជាជីដូន របស់ក្មេងតូច និងទារក ខាងលើ ។


តាមការបំភ្លឺរបស់អ្នកបើកបរនិងជាម្ចាស់ទូក ឈ្មោះ រត្ន័ ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានប្រាប់សមត្ថកិច្ចថា នៅលើទូកមានដឹកមនុស្ស រួមទាំងតៃកុងទូក សរុបចំនួន ១១នាក់ បានចេញដំណើពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូក ក៏បណ្តាលអោយមានភ្លើងឆាបឆេះនៅលើទូកតែម្តង ។
នៅល្ងាចថ្ងៃដដែល លោក នួនប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអញ្ចើញទៅចូលរួមបុណ្យសព និងចូលរួមរំលែកទុក្ខ នៃក្រុមគ្រួសារសព ដល់គេហដ្ឋាន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram