គ្រឿងក្នុងគោ-ជ្រូកនៅម្តុំលូប្រាំតើលក់មិនដាច់ទេរាល់ថ្ងៃនេះ?…

រាជធានីភ្នំពេញ ៖ នៅពេលធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង នោះយើងនឹងឃើញមានការដាក់លក់គ្រឿងក្នុងគោនិងជ្រូកជាហូរហែ ហើយរបរលក់គ្រឿងក្នុងគោ-ជ្រូកនេះ មុនមានកូវីដជាម្ហូបពេញនិយមបានជួយឲ្យប្រជាពលរដ្ឋមួយចំនួនជាអ្នកលក់ដូរមានជីវភាពសមរម្យក្នុងការរស់នៅផងដែរ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ខណៈជំងឺកូវីដ-១៩ នៅតែបន្តមានហានិភ័យដល់សុខភាពនោះ ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខរបររបស់ពួកគាត់ដែរ ។


អ្នកស្រី ស៊ុ ស្រីនាង អាយុ៤០ឆ្នាំ ដែលប្រកបរបរលក់គ្រឿងក្នុងគោនិងជ្រូកនៅចំណុចលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និយាយថា ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩តាំងពីខែមករា ដើមឆ្នាំនេះមក បានធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់គាត់យ៉ាងខ្លាំង ម៉ូយដែលធ្លាប់ទិញក៏បាត់ជាបន្តបន្ទាប់ តែមិនដល់ថ្នាក់រកបាយហូបមិនបាននោះទេ ។ខណៈដែលជំងឺកូវី-១៩ បានកើតមាននៅក្នុងសហគមន៍ ជាពិសេសនៅរាជធានីភ្នំពេញនេះ គឺធ្វើឲ្យប៉ះពាល់ដល់របររកសុីរបស់គាត់ក៏ដូចជាអាជីវករផ្សេងៗទៀតយ៉ាងខ្លាំង ដែលពេលខ្លះក្នុង១ថ្ងៃលក់សឹងតែមិនបាន១គីឡូផង ។អ្នកស្រីថ្ងូរថា រាល់ថ្ងៃនេះ រូបគាត់មានការព្រួយបារម្ភខ្លាំងណាស់ ចំពោះបញ្ហាជីវភាពប្រចាំថ្ងៃ ជាពិសេសមានការលំបាកខ្លាំងក្នុងការរកប្រាក់សម្រាប់សងបំណុលខាងមីក្រូហិរញ្ញវត្ថុ ។ លោក សំ វាសនា អាយុជាង៣០ឆ្នាំ ដែលជាអាជីវករលក់គ្រឿងក្នុងគោ-ជ្រូកដែរ និយាយថា សព្វថ្ងៃនេះគឺស្ងាត់ម៉ូយមកទិញតែម្តង មិនដឹងថាពួកគេទៅណាអស់ទេ ។កន្លងមក លក់ដាច់ទៅលើកម្មករសំណង់ច្រើនជាងគេ ចំណែកកម្មកររោងចក្រដាច់មួយៗ ពិសេស នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ គឺដាច់គួរសម ។

លោកនិយាយថា ប៉ុន្តែបច្ចុប្បន្ននេះ ខណៈជំងឺកូវីដ-១៩កើតក្នុងសហគមន៍ ជាសេសនៅរាជធានីភ្នំពេញនេះ ធ្វើឲ្យមុខរបលក់គ្រឿងក្នុងគោ-ជ្រូករបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំង ។ ក្នុង១ថ្ងៃ គាត់លក់បានយ៉ាងច្រើនត្រឹមតែ៥គីឡូក្រាមប៉ុណ្ណោះ ។លោក សំ វាសនា បានត្អូញត្អែរថា បើសិនជាជំងឺកូវីដ-១៩នៅតែបន្តកើតមានក្នុងសហគមន៍នៅរាជធានីភ្នំពេញ ហើយការលក់គ្រឿងក្នុងគោ-ជ្រូកនៅតែមិនដាច់ទៀតនោះ គឺគ្រួសារគាត់នឹងជួបបញ្ហាជាមួយខាងមីក្រូហិរញ្ញវត្ថុ ជាមិនខាន ព្រោះកន្លងមកគាត់បានខ្ចីប្រាក់គេយកទៅសាងសង់ផ្ទះនៅស្រុកកំណើតឯខេត្តព្រៃវែង ដែលសង្ឃឹមយកមុខរបរមួយនេះដោះសង ។


ទោះបីជាយ៉ាងណា បងប្អូនអាជីវករលក់គ្រឿងក្នុងគោ-ជ្រូកនៅចំណុចខាងលើ ក៏មិនភ្លេចពាក់ម៉ាស និងលាងដៃនឹងទឹកអាល់កុលឬជែលនោះទេ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram