ក្រសួងប្រកាសឱ្យផលិតករទៅចុះបញ្ជីដើមកំណើតទំនិញបើចង់នាំ ទៅអង់គ្លេស…
រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានជូនដំណឹងដល់ផលិតករ ពាណិជ្ជករដែលមានទំនិញ ផលិតផល ចង់នាំចេញទៅក្រៅប្រទេស ពិសេសទៅប្រទេសអង់គ្លេសដោយរួចពន្ធ ចាប់ពីខែមករាឆ្នាំ២០២១ទៅនោះ ទៅចុះបញ្ជីជាមួយក្រសួងបញ្ជាក់ពីប្រភពដើមកំណើតទំនិញ និងបញ្ចូលOR Code លើវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ឲ្យបានឆាប់ ត្បិតអីប្រទេសអង់គ្លេសនឹងបើកទ្វារទទួលទំនិញពីប្រទេសកំពុងអភិវឌ្ឍន៍និងអភិវឌ្ឍន៍តិចតូច រួចពន្ធ នៅដើមឆ្នាំ២០២១ឆាប់ៗនេះហើយ។ក្រោយពីចាកចេញពីប្រទេស

សមាជិកសហភាពអឺរ៉ុប ប្រទេសអង់គ្លេសនឹងផ្តើមអនុវត្តនូវគោលនយោបាយឯករាជ្យរបស់ខ្លួនចាប់ពីដើមខែមករាឆ្នាំ២០២១នេះទៅ។ គោលនយោបាយពាណិជ្ជកម្មឯករាជ្យរបស់អង់គ្លេចនិងអនុគ្រោះការយកពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ ដល់បណ្តាលប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដូចជាកម្ពុជា។ សម្រាប់កម្ពុជា ឯកអគ្គរាជទូតអង់គ្លេសនិងអៀឡង់ខាងជើង លោកស្រី Tina Redshaw បានបញ្ជាក់ប្រាក់លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាថាអង់គ្លេសនឹងមិនសម្រេចកាត់ប្រព័ន្ធអនុគ្រោះពន្ធEBA មកលើកម្ពុជាដូចសហភាពអឺរ៉ុបនោះទេ។អង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើក្រុមមនុស្សងាងរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទំាងកម្មកររោងចក្រកាត់ដេរផងដែរ។

អង់គ្លេសនឹងរកវិធីដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៧ធ្នូ ក្រោយពីជំនួបរវាងលោកប្រាក់ សុខុននិងលោកស្រី Tina Redshawនោះ។នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតម្រូវឲ្យផលិតករទៅចុះបញ្ជីប្រភពដើមកំណើតទំនិញបានបញ្ជាក់ថា ការផ្ដល់ការអនុគ្រោះពន្ធ របស់ប្រទេសអង់គ្លេស (UK’s Generalized Scheme of Preferences) ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួចនោះបានបញ្ជាក់ថា នាយកដ្ឋាននាំចេញ នាំចូល និងតំណាងក្រសួងពាណិជ្ជកម្ម ប្រចំារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម មានភារកិច្ចត្រួតពិនិត្យ តាមដានការអនុវត្តអនុលោមភាពវិធានដើមកំណើតទំនិញនិងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទៅកាន់ចក្រភពអង់គ្លេស។

សូមជម្រាប់ថាទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិដូចជា សហភាពអឺរ៉ុប និងអាមេរិក នោះ ភាគច្រើនជាផលិតផលឧស្សាហកម្មកាត់ដេរ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួន។ មានការលើកឡើងថាកម្ពុជាជាច្រើននាំចូលច្រើនជាងនាំចូល ដូច្នេះគេមិនដឹងថាតើកម្ពុជានឹងទទួលបានផលចំណេញកម្រិតណាពីការអនុគ្រោះពន្ធរបស់ប្រទេសអង់គ្លេសនេះនោះទេ៕

