អាជ្ញាធរមានសមត្ថកិច្ចណែនាំឲ្យបញ្ឈប់ជាបន្ទាន់នូវអាជីវកម្មឡដុតធ្យូងខុសច្បាប់ក្នុងខេត្តកំពង់ធំ…
កំពង់ធំ៖ អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តកំពង់ធំ បានណែនាំឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវអាជីវកម្មឡដុតធ្យូងខុសច្បាប់ ស្ថិតនៅឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីជាការទប់ស្កាត់មហន្តរាយព្រៃឈើ និងថែរក្សាព្រៃឈើ ដែលជាធនធានធម្មជាតិរបស់ប្រទេសជាតិ។

ក្នុងប្រតិបត្តិការ ចុះពិនិត្យទីតាំង ដែលមានឡដុតធ្យូងសរុបចំនួន ១២៧ ក្នុងភូមិចុងដា ឃុំត្បូងក្រពើ កាលពីរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ លោក សាយ វាសនា ព្រះរាជអាជ្ញារង តុលាការខេត្តកំពង់ធំ បានណែនាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការដុតធ្យូងចាប់ពីពេលនេះតទៅ ហើយឲ្យទៅប្រកបមុខរបរថ្មីដែលស្របច្បាប់ ដូចជាចិញ្ចឹមមាន់ទា ដាំបន្លែ ចិញ្ចឹមត្រីជាដើម ដោយសារតែការដុតធ្យូងនេះ គឺជាមុខរបរខុសច្បាប់ និងជាការចូលរួមកាប់បំផ្លាញព្រៃឈើ ដែលធ្វើឲ្យព្រៃឈើរលាយហិនហោច។

សូមជម្រាបថា៖ ប្រជាពលរដ្ឋបាននាំគ្នាប្រកបមុខរបរនេះមកជាយូរហើយ ដោយសារតែប្រជាពលរដ្ឋនៅទីនេះ ពុំមានមុខរបរអ្វីផ្សេងៗក្រៅពីដុតធ្យូងឡើយ ដែលជាមុខរបរកាក់កប អាចរកចំណូលបាន យ៉ាងងាយ។ សម្រាប់ទឹកប្រាក់ជាដើមទុនសរុប ១.០០០ដុល្លារ ក្នុង១ឡ។ ចំណែកឈើព្រៃដែលទិញមកសម្រាប់ដុតធ្យូង ក្នុងមួយម៉ែត្រគុប ៤០.០០០រៀល។ រីឯអុសចំបក់ ៨០.០០០រៀល។ ក្នុងមួយឡដុតធ្យូង អាចដាក់អុសបាន ២០ ទៅ២៥ម៉ែត្រគុប ហើយចំណែកឯរយៈពេលដុត ចាប់ពី២៥ ទៅ៣០ថ្ងៃ និងលក់ចេញឲ្យឈ្មួញកណ្តាល ក្នុងមួយគីឡូក្រាមតម្លៃ ៩០០រៀល៕





