ថៃ ព្យាយាមជម្រុញការបើកប៉ុស្តិ៍ត្រួតពិនិត្យច្រកព្រំដែន ដើម្បីបង្កើនពាណិជ្ជកម្ម
រាជរដ្ឋាភិបាលថៃ បាននិងកំពុងជម្រុញការចរចាបើកច្រកព្រំដែនជាមួយ ប្រទេសជិតខាង ដើម្បីបើកប៉ុស្តិ៍ត្រួតពិនិត្យចំនួន ១១កន្លែងបន្ថែមទៀត ក្នុងន័យជម្រុញពាណិជ្ជកម្មតាមព្រំដែន ដែលកំពុងតែកើនឡើង។ នេះបើយោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃនេះ។លោក ជូរីន ឡាក់សាណា វិសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការបើកដំណើរការប៉ុស្តិ៍ត្រួតពិនិត្យ នៅតាមច្រកព្រំដែនឡើងវិញ នឹងជួយក្នុងការជម្រុញពាណិជ្ជកម្មតាមច្រកព្រំដែន អំឡុងពេល ៦ខែចុងក្រោយនេះ។ បច្ចុប្បន្នប្រទេសថៃ មានប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៩៧កន្លែង ដោយក្នុងនោះ ៥១កន្លែង កំពុងតែបិទទ្វារដោយសារតែវិបត្តិមេរោគកូវីដ១៩។ លោក ជូរីន បានបន្ថែមថា លោក បានកំណត់កាលវិភាគ ដើម្បីដើរមើលប៉ុស្តិ៍ត្រួតពិនិត្យ អំឡុងដើមខែកក្កដានេះ ហើយនឹងបន្តតាមដានកិច្ចចរចាបើកច្រកប៉ុស្តិ៍ត្រួតពិនិត្យ។ក្រសួងពាណិជ្ជកម្ម ក៏បានសន្យាបង្កើតកិច្ចសហប្រតិបត្តិការរវាង ភ្នាក់ងាររដ្ឋ និងវិស័យឯកជន តាមរយៈគណៈកម្មាធិការប្រឹក្សា ដើម្បីលុបបំបាត់ឧបសគ្គនៃការនាំចេញ និងជួយឲ្យសហគ្រាសធុនតូច និងមធ្យម អាចស្វែងរកប្រាក់កម្ចី ដើម្បីបង្កើនសាច់ប្រាក់ កាន់តែងាយស្រួល។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងទៀតថា ទំហំពាណិជ្ជកម្មតាមច្រកព្រំដែន អាចនឹងកើនឡើងដល់ ៤៣ពាន់លានដុល្លារ

អាមេរិក ក្នុងឆ្នាំ ២០២១នេះ ដែលមានកំណើនរង្វង់ ៣% ទៅ ៧% ធៀបនឹងឆ្នាំមុន។ជំនួញពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់របស់ប្រទេសថៃ សម្រេចបានជាង ២១ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២១នេះ ដែលមានកំណើន ២៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ជំនួញពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងម៉ាឡេស៊ី មានទំហំដល់ទៅ ៤ពាន់ ២រយលានដុល្លារអាមេរិក កើនឡើង ៥៣% ខណៈពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ជាមួយ ប្រទេសកម្ពុជា មានជាង ២ពាន់ ១រយលានដុល្លារអាមេរិក ធ្លាក់ចុះជាង ០,៧%។ផលិតផលសំខាន់ៗ ដែលប្រទេសថៃ ផ្គត់ផ្គង់ទៅកាន់ប្រទេសម៉ាឡេស៊ី រួមមានកៅស៊ូ កុំព្យូទ័រ និងរថយន្ត ហើយផលិតផលថៃ ដែលចូលមកប្រទេសកម្ពុជា ភាគជាច្រើនជា ភេសជ្ជៈ ម៉ូតូ និងរថយន្តគ្រួសារ។ រីឯជំនួញពាណិជ្ជកម្មឆ្លងកាត់ប្រទសថៃ កើនឡើងនៅគ្រប់ទីផ្សារទាំងអស់ ដោយក្នុងនោះ ទីផ្សារប្រទេសចិន សម្រេចបានជាង ៤ពាន់ ៣រយលានដុល្លារអាមេរិក កើនឡើង ៥៤%, ទីផ្សារប្រទេសសិង្ហបុរី សម្រេចបានជាង ១ពាន់ ៤រយលានដុល្លារ កើនឡើង ២៨% និងទីផ្សារវៀតណាម មានជិត ៩០០លានដុល្លារ កើនឡើង ១៥%។សូមរម្លឹកបន្តិចថា ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ក្នុងឆ្នាំ ២០២០ គឺធ្លាក់ចុះត្រឹមតែ ១% បើទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាមេរោគកូវីដ១៩ ដោយមានការរឹតបន្តឹងនៅតាមច្រកព្រំដែននីមួយៗក៏ដោយ ក្នុងនោះ ថៃ សម្រេចការនាំចេញទំនិញ ២៥ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២% ខណៈការនាំចូលទំនិញតាមព្រំដែនមកវិញ មានជាង ១៨ពាន់លានដុល្លារអាមេរិកធ្លាក់ចុះ ១%៕
