សម្តេចហ៊ុនសែនបានសម្រេចអនុញ្ញាតឲ្យវិស័យឯកជនធ្វើតេស្តដល់កម្មករនិយោជិតរបស់ខ្លួនដើម្បីងាយស្រួលក្នុងការគ្រប់គ្រងអ្នកឆ្លងជំងឺកូវីដ-១៩
តាមរយៈកិច្ចប្រជុំពិសេសមួយតាមអនឡាញ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១នេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន សហគ្រាសឯកជនធ្វើតេស្តបុគ្គលិក កម្មករ របស់ខ្លួនដោយផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកតែគ្រូពេទ្យនោះទេ។ សម្តេចហ៊ុន សែន ការអនុញ្ញាតឲ្យវិស័យឯកជនធ្វើតេស្តដល់កម្មករ និយោជិតរបស់ខ្លួន គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបានឆាប់រហ័សអ្នកឆ្លងជំងឺកូវីដ-១៩ និងជួយកាត់បន្ថយចំណាយរបស់រដ្ឋ។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាឲ្យគ្រូពេទ្យចាប់ផ្តើមបង្រៀនវិធីធ្វើតេស្តរហ័សដល់សហគ្រាស ក្រុមហ៊ុនឯកជនចាប់ពីពេលនេះទៅ។
សម្តេច ហ៊ុន សែន បានថ្លែងថា ការពង្រីកការធ្វើតេស្តរហ័សជាចំណុចដែលសម្តេចធ្វើការសម្រេចចិត្តជំនួសឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលកន្លងទៅនៅស្ទាក់ស្ទើរ រង់ចាំ ដល់តែពេទ្យទើបអាចធ្វើតេស្តបាន។ សម្តេចបានលើកឡើងថា ពេទ្យនៅតាមស្រុក ខ្លះមានតែ១៥ នាក់ ប្រជាជនមានរហូត១០ម៉ឺននាក់ តើអាចទៅរួចទេ។ សម្តេចបានបញ្ជាក់ថា “ថ្ងៃនេះខ្ញុំយកការសម្រេចមួយផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនអាចធ្វើតេស្តលើបុគ្គលិករបស់គេ។ រដ្ឋត្រូវធ្វើហើយកំពុងធ្វើរាល់ថ្ងៃ។ប៉ុន្តែយើងត្រូវបើកឱកាសឱ្យក្រុមហ៊ុនឯកជន ដើម្បីក្រុមហ៊ុនឯកជនគេអាចគ្រប់គ្រងលើបុគ្គលិករបស់គេបានឆាប់រហ័ស។ ដូច្នេះក្រុមហ៊ុនឯកជនទាំងអស់ត្រូវគ្រប់គ្រងបុគ្គលិកកម្មកររបស់ខ្លួនពេលមានបញ្ហាត្រូវធ្វើតេស្តលើបុគ្គលិករបស់ខ្លួនតែម្ដង”។

សម្តេចក៏បានថ្លែងឱ្យដឹងផងដែរថាការបញ្ជាទិញឧបករណ៍តេស្តរហ័សនេះ អាចទាក់ទងតាមលោកជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាផលិតផលរបស់សាធារណរដ្ឋកូរ៉េ ដែលមានតម្លៃថោកសមរម្យមួយតម្លៃ៣,៧ដុល្លារតែប៉ុណ្ណោះ។ដូច្នេះក្រុមហ៊ុននីមួយៗអាចទិញក្នុងរង្វង់១០០០ ទៅ២០០០គ្រឿងដើម្បីធ្វើតេស្តទៅលើកម្មកររបស់ខ្លួននៅ ពេលដែលមានបញ្ហាសង្ស័យកើតឡើង។សម្តេចហ៊ុន សែន ក៏បានបញ្ជាឱ្យកងទ័ព នគរបាល និងអាវុធហត្ថ ត្រូវមានឧបករណ៍ធ្វើតេស្តរហ័ស ដើម្បីរកឃើញភ្លាមៗ។ សម្តេចបន្តថា នៅពេលដែលឧបករណ៍ធ្វើតេស្តរហ័សដែលបញ្ជាទិញមកដល់ ត្រូវចែកទៅឱ្យកងយោធពលខេមរភូមិន្ទ ដើម្បីកងទ័ពចែកទៅតាមបណ្ដាយោធភូមិភាគ បណ្ដាកងពល បណ្ដាកងវរៈសេនាតូច អាវុធហត្ថ ប៉ុស្តិ៍នគរបាល និងស្នងការក៏ត្រូវតែមានដែរ។ សម្តេចមានប្រសាសន៍បន្ថែមថា «យុទ្ធសាស្ត្ររបស់យើងការពារកូវីដ-១៩នេះ គឺរកឃើញបានលឿនគ្រប់គ្រងបានលឿនមិនឱ្យឆ្លងរាលដាល គឺជាវិធីដ៏ល្អ»។ដូច្នេះក្រសួងសុខាភិបាត្រូវបង្រៀនក្រុមហ៊ុនឱ្យចេះក្នុងការធ្វើតេស្តរហ័សដោយផ្ដល់នូវសម្លៀកបំពាក់ដល់ពួកគេផង។
សម្ដេចក៏បានជំរុញដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស គប្បីទិញឧបករណ៍តេស្តរហ័សដោយថវិកាក្រុមហ៊ុនផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ។ សម្តេច តេជោបានថ្លែងដែរថា បច្ចុប្បន្នរដ្ឋមានឧបករណ៍នេះនៅក្នុងស្តុក ចំនួន១លាន៤សែន យើងអាចចែកទៅកងទ័ព នគរបាល និងអាវុធហត្ថ។ ដូច្នេះក្រុមហ៊ុនត្រូវតែមានដើម្បីមានបញ្ហាគឺយើង ធ្វើតេស្តភ្លាមរកឃើញហើយអាចកាត់បន្ថយការឆ្លងបានរហ័ស។សម្ដេចបានថ្លែងបញ្ជាក់បន្ថែមថា «អីចឹង ខ្ញុំចេញជាបញ្ជាតែម្ដងដោយមិនរង់ចាំមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលទេ ព្រោះវាគ្មានអ្វីត្រូវខាតបង់នោះទេ»។រហូតដល់ថ្ងៃទី១កក្កដា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៩៩៩នាក់(ឆ្លងសហគមន៍៨៦៧និងនាំចូល១៣២)និងមានជាសះស្បើយ៧១៥នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៥១៣៨៤នាក់និងចំនួនជាសះស្បើយសរុបកើន៤៤៨៥៨នាក់និងស្លាប់ថ្មី២៦នាក់សរុបស្លាប់៦២៨នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ ប្រទេសយើងកំពុងរាត្បាតក្នុងសហមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយដែរ ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០៕
