ខ្សែការពារ Dalot ថា កីឡាករ Man Utd កំពុងទន្ទឹងរង់ចាំយុគសម័យ របស់អ្នកចាត់ការ Ten Hag
(មេនឆេស្ទឺ)៖ ក្រុមកីឡាកររបស់ក្លិប Manchester United បានរំភើបចិត្ត ចំពោះការរង់ចាំធ្វើការងារជាមួយ លោក Erik ten Hag ហើយការតែងតាំងបុរសសញ្ជាតហូឡង់រូបនេះ ជាអ្នកចាត់ការនោះ មានន័យថា វានឹងមិនមានភាពមិនប្រាកដប្រជានោះទេ ចំពោះការត្រៀមខ្លួន សម្រាប់រដូវកាលក្រោយ, នេះបើតាមសម្តីខ្សែការពារ Diogo Dalot ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ។

គ្រូបង្វឹករបស់ក្លិប Ajax Amsterdam លោក Ten Hag បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ជាមួយនឹងជម្រើសបន្ត១ឆ្នាំបន្ថែមទៀត ដើម្បីជំនួសតំណែងអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick នៅឯក្លិប United ចាប់ពីចប់រដូវកាលនេះ។
លោក Rangnick, ដែលនឹងបន្តតួនាទីជាទីប្រឹក្សា នៅឯក្លិបលេងនៅលីគ Premier League នេះ បើទោះបីជាលោកត្រូវបានតែងតាំងជាគ្រូបង្វឹក ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសក្តីនោះ, គ្រោងនឹងពិភាក្សាអំពីអនាគតរបស់កីឡាករ Cristiano Ronaldo ជាមួយនឹងលោក Ten Hag ហើយកីឡាករ Dalot បានលើកឡើងថា ក្រុមរីករាយចំពោះវត្តមានរបស់កីឡាករខ្សែប្រយុទ្ធនេះ៕



