ឃាត់ខ្លួនកម្មករផ្សារដែកម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ បានសម្រេច នៅភ្នំពេញ…
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ឃាត់ខ្លួននា ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០បន្ទាប់ពីរូបគេបានធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់បានសម្រេច កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះ គ្មានលេខ ផ្លូវលំ ភូមិ ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យ.យ ហៅ ខ្ញុង ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែក ជនសង្ស័យ០១នាក់ឈ្មោះ ស៊ឹម ចាន់រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលពាក្យបណ្តឹងពី ជនរងគ្រោះ សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ចាប់យកវត្ថុតាង និងស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរ ប៉ុន្តែ ជនសង្ស័យបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ជនសង្ស័យខាងលើ បានមកពួនសម្ងំលាក់ ខ្លួននៅក្នុងផ្ទះរបស់គេ (ផ្ទះជនសង្ស័យ) ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានជនសង្ស័យយកមក ធ្វើការសាក សួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តាមនីតិវិធីច្បាប់តែម្តង ។ ពេលសមត្ថកិច្ចធ្វើការសាក សួរជនសង្ស័យមិនបានឆ្លើយសារភាពទេ តែដោយការចង្អុលបង្ហាញពីជនរងគ្រោះទៅលើជនសង្ស័យ ,ស្លាកស្នាមនៅត្រង់កជនរងគ្រោះ និង វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ បាន បញ្ជាក់ថា ជនសង្ស័យពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ៕


