នគរបាលប្រឆាំងការជួញដូរមនុស្ស បញ្ជូនមេខ្យល់៥នាក់និងពលករ៥នាក់ទៅសាលាដំបូង

បន្ទាយមានជ័យ ៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជូនមេខ្យល់១០នាក់ទៅសាលាដំបូងខេត្ត ពីបទនាំមនុស្សទៅធ្វើការងារនៅថៃខុសច្បាប់ក្នុងនោះមានពលករ៥នាក់បានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។


លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជនបានឲ្យដឹងថា៖ មេខ្យល់ទាំង១០នាក់នេះ គឺពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ មិនស្របច្បាប់ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ បានធ្វើការឃាត់ខ្លួនចំនួន២លើកដោយឡែកពីគ្នា នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ រួចបានធ្វើការប្រគល់ឲ្យនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។


លោកស្រីបានបញ្ជាក់ទៀតថា៖ ក្នុងការឃាត់ខ្លួនមេខ្យល់ទាំង១០នាក់នេះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមានម៉ូតូចំនួន៥គ្រឿង ដែលជាមធ្យោបាយសម្រាប់បំរើឲ្យបទល្មើសដឹកជញ្ជូនពលករដើម្បីឆ្លនដែននៅតាមព្រំដែន។តាមចម្លើយបំភ្លឺរបស់ពលករទាំង៥នាក់ ក្នុងនោះជនជាតិថៃ១នាក់បានឆ្លើយសារភាពថា ពួកគេពិតជាឲ្យមេខ្យល់ចេញទៅប្រទេសថៃដោយមិនស្របច្បាប់ពិតប្រាកដមែន ។ជនសង្ស័យនិងវត្ថុតាងម៉ូតូ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ ។

ចំពោះពលករចំនួន៥នាក់ ត្រូវបានធ្វើកិច្ចសន្យា អប់រំឲ្យពួកគាត់វិលទៅលំនៅឋានវិញ ចំណែកឯជនជាតិថៃ១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram