ស្ពានបេតុងថ្មីមួយកន្លែង បានចាប់ដំណើរការសាងសង់…
កំពង់ស្ពឺ៖ ស្ពានដែលរងការទ្រុឌទ្រោមមួយកន្លែង និងជាអតីតស្ពានដែកបាឡេ ស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានកសាងថ្មីឡើងវិញឱ្យទៅជាស្ពានបេតុងរឹងម៉ាំ ហើយបានចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមាន លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងត្រូវកសាងឡើងដោយក្រុមបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើនដែលបានទទួលផ្លែផ្កាពីម្លប់នៃ “សន្តិភាព” ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលរកបានដោយកម្រ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានផ្ដល់ឱកាសនៅក្នុងការរកទទួលទានរបស់ប្រជាពលរដ្ឋក៏ដូចជាមានឱកាសនៅក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

លោកអភិបាលខេត្តបន្ថែមថា៖ បើសម្លឹងមើលអតីតកាលមុននេះក្នុងរង្វង់ ២៣ឆ្នាំ គឺប្រទេសកម្ពុជារស់នៅក្នុងសង្គ្រាមផង និងសន្តិភាពផង។ បើប្រៀបធៀបនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជួនគ្នាជាមួយថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលជាថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា (៧០ឆ្នាំ)។ ថ្ងៃនេះលោកបានចូលរួមចាក់បេតុងស្ពានត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជំនួសឱ្យស្ពានដែក ដែលតែងតែឮបង្ករការរំខានដោយសារការឆ្លងកាត់នៃយានយន្តគ្រប់ប្រភេទ ពិសេសស្នូររលាស់នៃដែកស្ពាន ធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការសម្រាកសម្រាន្ត ព្រោះតែថ្លង់។ តែប្រជាពលរដ្ឋប្រាកដជាអស់បារម្ភពីការរំខាននេះទៀតហើយ ព្រោះនៅតែប៉ុន្មានថ្ងៃទៀតទេ នឹងទទួលបានសមិទ្ធិផលថ្មីស្រឡាងមួយគឺ ស្ពានបេតុងដែលមានភាពរឹងម៉ាំ ធានាដល់ការធ្វើដំណើរទៅមក។ សមិទ្ធិផលថ្មីមួយនេះ បានបញ្ជាក់ពីវឌ្ឍនភាពនៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងចាស់វស្សារបស់សម្តេចតេជោ ហ៊ុន សែន។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងថា៖ ស្ពានបេតុងដែលកំពុងតែកសាងឡើងដោយក្រុមបច្ចេកទេសរបស់មន្ទីរមានប្រវែង ៣០ម៉ត្រ កម្ពស់ ៣ម៉ែត្រ ទទឹង ៣,៥ម៉ត្រ និងមានប្រឡោះទឹកហូរប្រវែង ៣,៥ម៉ែត្រ ដែលអាចធ្វើឱ្យចរន្តទឹកហូរបានល្អមិនស្ទះ បម្រើដល់ការស្រោចស្រពផលដំណាំរបស់កសិករខាងក្រោមៗបានយ៉ាងងាយស្រួល។ ស្ពាននេះដែរបានចំណាយប្រាក់ប្រមាណជាង ៧ម៉ឺនដុល្លា ក្នុងការកសាងឱ្យរួចរាល់ ហើយស្ពាននេះអាចបម្រើដល់ការដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើរទៅប្រកបការងាររកទទួលទានផ្សេងៗបានដោយរលូន៕



