ក្រុម Hacker ចូលវាយលុកវេប សាយ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា…
ក្រុម Hacker បានវាយប្រហារគេហទំព័ររដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ នេះ ខណៈសង្គ្រាមតាមអ៊ីនធឺណិតបានផ្ទុះឡើង បន្ទាប់ពីអាជ្ញាធរបានបិទវាអស់រយៈពេល ៤ យប់ជាប់ៗគ្នា ។

ក្រុមមួយដែលមានឈ្មោះថា Myanmar Hackers បានរំខានគេហទំព័ររដ្ឋាភិបាលជាច្រើនរួមមាន គេហទំព័រធនាគារកណ្តាល (Central Bank) ទំព័រឃោសនារបស់យោធាមីយ៉ាន់ម៉ា ទូរទស្សន៍រដ្ឋ MRTV គេហទំព័រអាជ្ញាធរកំពង់ផែ (Port Authority) និងគេហទំព័ររដ្ឋបាលចំណីអាហារ និងឱសថ (FDA) ។

សកម្មភាពនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រជាជនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារកាលពីដើមខែនេះ ។

ក្រុម Hacker បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “យើងកំពុងប្រយុទ្ធដើម្បីយុត្តិធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា វាដូចជាការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ប្រជាជននៅមុខគេហទំព័ររដ្ឋាភិបាល” ៕
