ក្រុមហ៊ុនរុករករ៉ែមាសនៅខេត្តមណ្ឌលគិរីមានបទពិសោធន៍ជាង២០ឆ្នាំ ល្បីខាងចំណាយថ្លៃដើមតិច…


ក្រុមហ៊ុន Emerald Resources បង្កើតឡើងក្នុងឆ្នាំ១៩៦៩ គឺជាក្រុមហ៊ុនរុករក និងចម្រាញ់មាសដ៏ល្បីល្បាញបំផុតមួយនៅក្នុងទីក្រុង Perth ប្រទេសអូស្រ្តាលី ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ ខាងរុករករ៉ែមាសប្រកបដោយភាពជោគជ័យ ឆាប់រហ័ស និងចំណាយថ្លៃដើមតិច នៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុនមានតម្លៃទីផ្សារ៤៦៣លានដុល្លារ មានភាគហ៊ុនជាង៥០០លានហ៊ុន។
ក្រុមហ៊ុន Emerald Resources មានក្រុមវិស្វករ និងភូគព្ភវិទូសមត្ថភាពខ្ពស់ ដែលធ្លាប់បានទទួលជោគជ័យ លើគម្រោងរុករក និងចម្រាញ់រ៉ែមាសនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនដូចជា គម្រោង Bonikro Gold Project នៅក្នុងប្រទេសកូឌីវ័ Cote d’Ivoire សម្រាប់ក្រុមហ៊ុន Equigold NL និងក្រុមហ៊ុន Regis Resources Ltd។
មុននឹងក្រុមហ៊ុនទទួលបានគម្រោងរ៉ែមាសនៅក្នុងប្រទេសកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនធ្លាប់បានសិក្សា និងវាយតម្លៃគម្រោងជាច្រើនផ្សេងទៀតនៅលើពិភពលោករួចមកហើយ។ ចាប់តាំងពីឆ្នាំ២០១៦មក ក្រុមហ៊ុនផ្ដោតលើការរុករក និងអភិវឌ្ឍគម្រោងរ៉ែមាស ដែលទទួលបានអាជ្ញាបណ្ណ១០០%លើផ្ទៃដីជាង១,២០០គីឡូម៉ែត្រការ៉េនៅក្នុងប្រទេសកម្ពុជា។ គម្រោងរ៉ែមាសនៅក្នុងប្រទេសកម្ពុជានេះគឺជាគម្រោងថ្មីបំផុតរបស់ក្រុមហ៊ុន ដែលស្ថិតនៅចម្ងាយ២៧៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Renaissance Minerals Cambodia Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មចម្រាញ់រ៉ែមាស នៅតំបន់អូរខ្វាវក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅលើទំហំផ្ទៃដីជាង១៨.០០០ហិកតា។

យោងតាមក្រសួងរ៉ែ និងថាមពល ការដ្ឋានអាជីវកម្ម និងរោងចក្ររ៉ែមាសនេះត្រូវបានចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២០ ដោយប្រើដើមទុនអស់ប្រមាណ១២០លានដុល្លាអាមេរិក ក្រោយពីបានសិក្សាអស់រយៈពេលជិត១៤ឆ្នាំ។ មាសសុទ្ធជាមធ្យមចំនួន៣តោន នឹងត្រូវបានផលិតជារៀងរាល់ឆ្នាំនៅក្នុងប្រតិបត្តិការរយៈពេល៨ឆ្នាំលើកដំបូងរបស់ខ្លួន។
ក្រសួងបន្ថែមថា ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត៩០%បានប្រមាណ៣តោនក្នុងមួយឆ្នាំ។ សម្រាប់រយៈពេលប៉ាន់ស្មាន៨ឆ្នាំដំបូង វានឹងអាចទាញចំណូលដុលប្រមាណ១៨៥លានដុល្លាអាមេរិកក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។
រ៉ែមាសដែលក្រុមហ៊ុនអូស្រ្តាលីទទួលបាន នឹងនាំយកទៅបន្សុទ្ធនៅប្រទេសអូស្រ្តាលី ដើម្បីលក់ទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីក្រុមហ៊ុនអូស្រ្តាលី គឺមានក្រុមហ៊ុនផ្សេងទៀតមកពីប្រទេសកាណាដា ឥណ្ឌា ចិន និងក្រុមហ៊ុនចម្រុះទុនខ្មែរ-ចិន ដែលកំពុងសិក្សានិងឈានទៅដល់ការធ្វើអាជីវកម្មរ៉ែមាសនេះ ដែលមាននៅខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តបាត់ដំបង និងខេត្តរតនគិរីជាដើម។
យោងតាមស្ថានទូតអូស្ត្រាលីប្រចាំនៅរាជធានីភ្នំពេញ អាជីកម្មរ៉ែមាសនេះនឹងអាចឲ្យកម្ពុជាបង្កើតចំណូលពន្ធនិងសួយសារជាង៣០០លានដុល្លារអាមេរិក ក្នុងរយៈពេល៧ឆ្នាំ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram