រឹតបន្តឹងការដោះដូរទំនិញនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក…

កំពត៖ ក្រោយពេលខេត្តនៅប្រទេសវៀតណាម ជាប់ព្រំប្រទល់នឹងខេត្តកំពត នៃប្រទេសកម្ពុជា បានរីករាលដាលនូវជំងឺកូវីដ-១៩ក្នុងសហគមន៍ ពិសេសបានផ្ទុះចេញនូវជំងឺកូវីដ១៩ប្រភេទថ្មីនោះ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត បាននិងកំពុងបង្កើនការរឹតបន្តឹងការត្រួតពិនិត្យ លើការដោះដូរទំនិញ។


លោក ង៉ែត សាវឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក មានច្រកធំមួយ និងច្រករបៀងចំនួន ៣ ហើយបច្ចុប្បន្នបើកដំណើរការតែច្រកធំមួយប៉ុណ្ណោះសម្រាប់ធ្វើការដោះដូរ និងផ្ទេរទំនិញនៅត្រង់ចំណុចព្រំដែន។ ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ និងទំនិញផង ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ មុនពេលចូល និងមុនពេលចេញទៅវិញ ហើយមនុស្សជាអ្នកបើកបររថយន្ត និងកម្មករផ្ទេរទំនិញ ក៏ត្រូវបានពិនិត្យសុខភាព និងស្កែនកម្តៅយ៉ាងហ្មត់ចត់ ខណៈដែលច្រករបៀងស្លាបខាងឆ្វេងពីរ និងខាងស្តាំមួយត្រូវបិទដំណើរការទាំងស្រុងតែម្តង។


ក្រៅពីនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានដាក់ចេញនូវសេចក្តីណែនាំដោយឱ្យមន្ត្រីឈរជើងនៅតាមច្រក អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានដាច់ខាត់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងសងខាង ចេញចូលបានឡើយ។ ក្នុងករណីមានការលួចចេញចូលដោយខុសច្បាប់ នឹងត្រូវទទួលទោស ឬការពិន័យរបស់មន្ត្រីជំនាញចត្តាឡីស័ក និងការងារត្រួតពិនិត្យទូទៅនៅតាមច្រកទ្វារ ដើម្បីធានាដល់ការលួចឆ្លងដែនខុសច្បាប់ និងបង្ការទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗ ទៀត។


លោកប្រធានទីស្នាក់ការ បានឱ្យដឹងដែរថា៖ ចាប់តាំងពីមានបទបញ្ជាបិទការធ្វើដំណើរឆ្លងកាត់ព្រំដែន នៅច្រកព្រែកចាក មិនមានអ្នកលួចឆ្លងកាត់ព្រំដែនទេ។ ក្នុងនាមប្រធានច្រក លោក និងមន្ត្រីជំនាញពាក់ព័ន្ធ ប្តេជ្ញារក្សាការពារឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានមួយរយភាគរយនៅតាមខ្សែបន្ទាត់ព្រំដែនតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក ពិសេសការពារឱ្យបាននូវការលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីធានាដល់ប្រសិទ្ធភាព ក្នុងការបង្ការទប់ស្តាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីខាងក្រៅប្រទេសចូលមកកម្ពុជា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram