អភិបាលខេត្តបាត់ដំបង ព្រមានអ្នករត់តាក់ស៊ីទាំងអស់ កុំលួចលាក់ដឹកពលករ គេចវេសពីមណ្ឌលចត្តាឡីស័ក…

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានជួបជាមួយនឹងក្រុមអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀង និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួនទៀត ។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានប្រមានដល់អ្នករត់តាក់ស៊ីទាំងអស់ កុំលួចលាក់ដឹកពលករ ក្នុងគោលបំណងគេចវេសពីមណ្ឌលចត្តាឡីស័ក ប្រសិនបើសមត្ថកិច្ចរកឃើញ នឹងផ្តន្ទាទោសដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្សខុសច្បាប់។


អភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖ ការដឹកជញ្ជូនពលករ ដើម្បីគេចវេសមណ្ឌលចត្តាឡីស័ក គឺជាហានីភ័យខ្ពស់មួយ ប្រសិនបើពលករនោះមានផ្ទុះជំងឺកូវីដ ១៩ នឹងមានការរីករាលដល់ក្រុមគ្រួសារ និងឈានទៅដល់ការផ្ទុះក្នុងសហគមន៍ណាមួយជាមិនខាន។


លោក ងួន រតនៈ ក៏បានព្រមានផងដែរថា៖ ប្រសិនបើសមត្ថកិច្ចណាម្នាក់ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេសមណ្ឌលចត្តាឡីស័ក ដោយមនោសចេតនាក្តី ឬដោយការសូកប៉ាន់ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងចម្រុះ នៅច្រកទ្វារអន្តរជាតិដូង រួមជាមួយទាហានថៃ បានធ្វើការឆែកឆេរក្នុងរថយន្តដឹកផ្លែឈើ ០១គ្រឿង មានស្លាកលេខ ត្បូងឃ្មុំ ៣ A-០៥៤៩ ឃើញមានបង្កប់ពលករមកពីប្រទេសថៃ ចំនួន ៥នាក់ ខ្មែរ៤នាក់ និងជនជាតិវៀតណាមម្នាក់ នៅក្នុងរថយន្ត។


បន្ទាប់ពីធ្វើការឆែកឆេររួច ពលករទាំង៥នាក់ បានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯ តៃកុងឡាន និងព្រូឡាន ត្រូវបញ្ជូនទៅឱ្យអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធីផ្លូវច្បាប់។


សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានប្រកាសថា ពលករដែលត្រឡប់ចូលមកប្រទេសកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាក ពិន័យចំនួន ១លាន រៀល ឬច្រើនជាងនេះនិងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌ ជាធរមាន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram