ចាប់មេខ្យល់២នាក់ ប៉ុនប៉ងនាំពលករ ៥នាក់ ឆ្លងដែនចេញទៅប្រទេសថៃ…..

បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានស្ទាក់ចាប់ខ្លួនមេខ្យល់ចំនួន ២នាក់ ដែលប៉ុនប៉ងនាំពលករចំនួន ៥នាក់ ឆ្លងដែនចេញទៅប្រទេសថៃដោយខុសច្បាប់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមច្រករបៀងមួយ នៅជិតច្រកទ្វារអន្តរជាតិ ដូង នៃស្រុកកំរៀង ខណៈកម្លាំងយោធា រួមទាំងសមត្ថកិច្ច កំពុងពង្រាយកម្លាំងគ្រប់ច្រកល្ហកតាមព្រំដែន ដើម្បីទប់ស្កាត់ក្រុមពលករឆ្លងដែន ដែលគេចវែសពីការធ្វើចត្តាឡីស័ក។


យោងតាមការឱ្យដឹងពីសមត្ថកិច្ចថា៖ មេខ្យល់ដែលត្រូវចាប់ខ្លួនចំនួន ២នាក់នោះ ម្នាក់ឈ្មោះ ហេង វិចិត្រ ប្រុសអាយុ ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប និង ម្នាក់ទៀតឈ្មោះ កើត ភីន ប្រុសអាយុ ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប។ រីឯពលករទាំង ៥នាក់ ឈ្មោះ រឿន លីដា ប្រុស អាយុ ៣៣ឆ្នាំ, ឈ្មោះ កា ជឿន ប្រុសអាយុ ២២ឆ្នាំ (មនុស្សគ), ឈ្មោះ អ៊ុ តូ ប្រុសអាយុ ២៧ឆ្នាំ, ឈ្មោះ វ៉ាន់ រិទ្ធ ប្រុសអាយុ ៣៨ឆ្នាំ និង ឈ្មោះ សឿន សែន ប្រុសអាយុ ៣៣ឆ្នាំ។ ពួកគេ ត្រូវបានស្ទាក់ចាប់ ពេលពួកគេគ្រោងឆ្លងអូរព្រំដែនចេញទៅប្រទេសថៃ ដោយគ្មានច្បាប់។


សូមបញ្ជាក់ថា៖ មេខ្យល់ចំនួន ២នាក់ ដែលប៉ុនប៉ងនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ បានធ្វើឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការយ៉ាងតឹងតែងបំផុត ដើម្បីទប់ស្កាត់ការីករាលដាលនូវជំងឺកូវីដ-១៩ តាមរយៈពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ ដោយគេចវែសមិនព្រមចូលចត្តាឡីស័ក តាមគោលការណ៍អាជ្ញាធរ និង រាជរដ្ឋាភិបាល។ បច្ចុប្បន្នពួកគេកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram