កម្លាំងចម្រុះចុះបិទហាងខារ៉ាអូខេមួយកន្លែង…
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះធ្វើការបិទហាងខារ៉ាអូខេ មួយកន្លែងយីហោផាត ធី នៅតាមបណ្តោយផ្លូវបេតុង ភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់មនុស្សជាច្រើននាក់យកទៅធ្វើចត្តាឡីស័ក កាលពីវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីបានបើកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គើននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ ។

ជាថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ភ្ជាប់ជជានិច្ចនូវវិធានការ បីការពារ បីកុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅវេលាកើតហេតុក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍សម្ងាត់ថាទីតាំងហាងខារ៉ាអូខេ យីហោ ផាតធី ខាងលើលួចបើកទទួលភ្ញៀវជាច្រើនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនរក្សាគម្រាត មិនខ្លាចការឆ្លងជំងឺកូវីដ-១៩ និងផ្គើនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបិទហាងជាបណ្ណោះអាសន្ន។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន៣២នាក់ ក្នុងនោះនារី១៦នាក់ នាំយកទៅធ្វើចក្តាឡីស័កនៅស្នងការរាជធានីភ្នំពេញ៕


