រថយន្តដឹកទំនិញធុនធំបុកគូទរថយន្តទំនើប Mazda…

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកទំនិញធុនធំមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើប Mazda ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្តុបចំការមន តាមបណ្ដោយផ្លូវសុធារស កែងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុ រថយន្តស៊េរីទំនើប Mazda ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AB-8801 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុក៏ឈប់ស្តុប ពេលនោះក៏មានរថយន្តបង្ក NiSSAN ចង្កូតស្ដាំ ពណ៌ស ប្រភេទដឹកទំនិញធុនធំបើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ ធ្វើដំណើរស្របទិសគ្នាហើយបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យបែកកញ្ចក់និងក្រពិតកាង រងការខូចខាតយ៉ាងដំណំ តែមិនប៉ះពាល់ដល់មនុស្សឡើយ ។


ក្នុងករណីខាងលើនេះក៏មានការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋជាខ្លាំងផងដែរ ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមក ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានាពេលក្រោយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram