គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកកង់

ពោធិ៍សាត់: បុរសចំណាស់វ័យ៧០ឆ្នាំម្នាក់ កំពុងជិះកង់ត្រូវម៉ូតូបុកពីក្រោយពេញទំហឹង បណ្តាលឲ្យ ស្លា ប់ ក្រោយពេលបានបញ្ជូនទៅដល់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងអ្នកបើកម៉ូតូ ដែលជាជនបង្ករងរបួសធ្ងន់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ រវាងម៉ូតូបុកកង់ ក្នុងទិសដៅ ស្របទិសគ្នាពីកើតមកលិច នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិចារឹក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។


ជនបង្កឈ្មោះឌុច ណាត់ ភេទ ប្រុស អាយុ២៥ឆ្នាំ ជន ជាតិខ្មែររស់នៅភូមិចារឹក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានបើកបរម៉ូតូ ម៉ាកអ៊ិចសេនធ័រ គ្មានផ្លាកលេខ គ្មានកញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព ដោយល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច បានមកបុកកង់របស់ជនរងគ្រោះឈ្មោះ រស់ ម៉ៅ ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលកំពុងជិះក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ត្រូវចំក្បាលផ្នែកខាងក្រោយ ។


ករណីនេះត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារជួយអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែក
ខេត្តពោធិ៍សាត់ ដើម្បីព្យាបាល ប៉ុន្តែដោយសារជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ដែលធ្វើឲ្យក្រុមគ្រូពេទ្យ មិនអាចជួយសង្រ្គោះរូបគាត់បាន ដូច្នេះហើយគាត់ក៏បានទទួលមរណភាពទៅ ហើយត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកបញ្ជូនសពជនរងគ្រោះមកប្រគល់ជូនក្រុមគ្រួសារ នៃសពមកដល់លំនៅដ្ឋាន ដើម្បីតម្កល់ធ្វើបុណ្យតាមគន្លងប្រពៃណី ។ ជនបង្ក ក៏មានរបួសស្នាមធ្ងន់ធ្ងរដែរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ចំពោះវត្ថុតាង (ម៉ូតូនិងកង់) សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញបែបបទទៅតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram