ជាង៦០ភាគរយនៃពលរដ្ឋក្នុងសហគមន៍មួយចាប់របរលក់លៀសហាល ខណៈតម្លៃលៀសឡើងថ្លៃ តែលក់មិនសូវដាច់…

រាជធានីភ្នំពេញ ៖ បញ្ហាជំងឺកូវីដ-១៩ បានធ្វើពិភពលោករងគ្រោះយ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេសកម្ពុជាផងដែរ ហើយអ្នកដែលងាយរងគ្រោះបំផុតនោះ គឺប្រជាពលរដ្ឋក្រីក្រមួយចំនួនដែលលក់ដូរ មួយថ្ងៃសម្រាប់តែស៊ីចាយមួយថ្ងៃ ។ អ្នកមានមុខរបរតូចតាចបានជួបនូវវិបត្តិសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ ព្រោះលក់ដូរមិនសូវដាច់ តែពួកគេនៅតែខិតខំត្រដរស់ដោយខ្លួនឯង រួមជាមួយនឹងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរថ្នាក់មូលដ្ឋានដើម្បីជួយពលរដ្ឋងាយរងគ្រោះដោយសារតែកូវីដ ១៩ ។

ដើម្បីចង់ដឹងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងដំណាក់ជំងឺកូវីដ-១៩ សារព័ត៌មាន កោះសន្តិភាព បានចុះទៅសហគមន៍អណ្តូងទី៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលប្រមាណជាង ៦០ភាគរយនៃពលរដ្ឋក្នុងសហគមន៍សរុប ៣១០ គ្រួសារ មានប្រកបមុខរបរលក់លៀស ហាលដើម្បីចិញ្ចឹមជីវីត ។ អ្នកស្រី សន ស៊ីណា អាយុ ២៨ឆ្នាំ អ្នកលក់លៀសហាលមួយរូបបានត្អូញត្អែរថា ចាប់តាំង ពីមានជំងឺកូវីដ-១៩ មក (គិតចាប់ពីខែមេសា) មុខរបរលក់លៀសហាលរបស់គាត់ក៏ដូចជាពលរដ្ឋក្នុង សហគមន៍គឺ «លក់មិនសូវដាច់នោះទេ» ហើយ រដូវនេះគឺមានភ្លៀងធ្លាក់ច្រើនទៀត ក៏ធ្វើឲ្យការរកស៊ី កាន់តែដុនដាបខ្លាំងឡើយស្ទើរមិនរស់នោះទេ ។ លោកស្រី បានអោយដឹងទៀតថា រយៈពេល ប្រមាណ ៣ឆ្នាំ មកហើយ ដោយសារតែគ្មានលុយបង្កើតមុខរបរផ្សេងធំដុំ គាត់និងប្តីក៏បានចាប់យកមុខ របរហាល លៀសលក់ជារៀងរាល់ថ្ងៃ។

ពោលទាំងទឹកមុខស្រពោន និងដកដង្ហើមធំមួយៗផងនោះ អ្នកស្រី សន ស៊ីណា បានបន្តថា «ពីមុនៗរបរលក់លៀសបានកាកកបគ្រាន់បើ តែបច្ចុប្បន្ននេះមិនសូវដាច់នោះទេ ។ ហើយ លៀសក៏បាន ឡើងថ្លៃទៀត អ៊ីចឹងលក់ថ្ងៃខ្លះមិនចំណេញឡើយ គឺជីវភាពពិតជាលំបាកខ្លាំង» ។ អ្នកស្រីបានឲ្យដឹង បន្តទៀតថា កន្លងមក លៀស១ប៉ោត (ហៅ១តៅ) ថ្លៃតែ ជាង១ម៉ឺនទៅ២ម៉ឺនរៀល តែបច្ចុប្បន្ននេះ លៀសឡើងថ្លៃក្នុង ១ប៉ោត ដល់ទៅ ៥ម៉ឺនរៀលបាត់ទៅហើយ ។នៅពេលសាកសួរថាតើលើសដែលអ្នកស្រីទិញយកមកប្រឡាក់គ្រឿងធ្វើជាលៀសហាលមានប្រភពមកពីណានោះ អ្នកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា លៀស ត្រូវបានម៉ូយនាំយកពីខេត្តកំពង់ឆ្នាំង , កោះធំ នៃខេត្តកណ្តាល និងបណ្តាខេត្តផ្សេងទៀតតាមដងទន្លេមេង្គនិងទន្លេសាប ហើយយកមកអោយ ដល់ផ្ទះ ។

ជាទូទៅពេលម៉ូយយកលៀសមកប្រគល់ឲ្យដល់ផ្ទះហើយ គាត់តែងតែរៀបចំស្រុះហើយ យកទៅហាលអោយអស់ទឹកទើបប្រឡាក់គ្រឿង ហើយដាក់រទេះ ចេញទៅលក់នៅវេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹកហើយ ត្រឡប់ចូលផ្ទះវិញ នៅវេលាម៉ោងប្រមាណ២ ទៅម៉ោង ៣រសៀល។សម្រាប់តម្លៃលៀសហាលប្រឡាក់គ្រឿង គឺអ្នកស្រីលក់មួយកំប៉ុង តម្លៃ ២៥០០រៀលទៅ ៣០០០រៀលទៅតាមប្រភេទលៀសធំ ឬតូច ហើយ ក្នុង១ថ្ងៃ ចំណេញបានប្រមាណ៣ ទៅ៤ម៉ឺនរៀល តែប៉ុណ្ណោះ, ថ្ងៃខ្លះ ចំណេញតិចជាងនេះ ឬខាតក៏មានដោយសារតែមេឃភ្លៀងលក់មិនដាច់នោះ។ចំណែកអ្នកស្រី វ៉ា រឹម អាយុ ៣៨ឆ្នាំ ដែលជាអ្នកលក់លៀសដូចគ្នា បានអោយដឹងដែរថា លៀស ឥឡូវពិបាកលក់ណាស់ចាប់តាំងពីជំងឺកូវីដ១៩មកម្លេះ ធ្វើមេចដោយសារតែជីវភាពក្រីក្រ មិនមានមុខ របរអ្វីទើបនៅតែបន្តលក់លៀសបែបនេះ។ រយៈពេលជិត១០ឆ្នាំ មកហើយ ដែលគាត់២នាក់ប្តីប្រពន្ធគាត់ បានចាប់យកមុខរបរនេះ ។ ពោលក្នុងទឹកមុខស្រពោន អ្នកស្រីបានបន្តថា «កាលពីមុនលៀសសំបូរ មានតម្លៃថោកហើយលក់ដាច់ ។ តែពេលនេះលៀសក៏ឡើងថ្លៃ ហើយលក់មិនដាច់ទៀត ធ្វើអោយមុខ របររបស់ខ្ញុំនេះសឹងរកប្រាក់អោយកូនរៀនមិនបាន»។
ជាមួយគ្នានោះផងដែរ លោក ប៊ុន ធឿន អាយុ ៤០ឆ្នាំ បានត្អូញត្អែរ អោយដឹងដូចគ្នាដែរថា លៀសលក់សូវដោយសារតែភ្លៀងហើយ ម្នាក់ៗខ្លាចកូវីដ-១៩ និងម្យ៉ាងទៀតលៀសខែនេះ ខ្សត់ណាស់ ហើយថ្លៃ ទៀតធ្វើអោយពិបាកចំណេញណាស់។
លោកបានអោយដឹងទៀតថា «មុខរបរនេះ រកមួយថ្ងៃស៊ីមួយថ្ងៃ នៅពេលភ្លៀងថ្ងៃខ្លះ លក់ពុំ ដាច់សល់ធ្វើអោយខាត ជំពាក់ថ្លៃលៀសនិងគ្រឿងគេថែមទៀតផង ។ និយាយទៅគឺមុខរបរនេះតឹង តែងណាស់ ពេលជំពាក់គេ ចេះប្រឹងរកសងបណ្តោះពីមួយថ្ងៃទៅមួយថ្ងៃនិងម្យ៉ាងទៀតកាន់តែលំបាក បំផុត នោះគឺខ្ញុំជំពាក់ធានាគារខ្ចីទិញម៉ូតូចំនួន១៥០០ដុល្លារដោយបង់រំលោះក្នុង១ខែចំនួន១៥០ដុល្លារឯណោះ » ។

បើតាមលោក សេង លាងអាយុ៥៥ឆ្នាំ ជាប្រធានសហគមន៍បានអោយដឹងថា សហគមន៍ អណ្តូង៦ បានបង្កើតឡើងតាំងពីឆ្នាំ ២០០៦ ដោយសាលារាជធានីភ្នំពេញបានរៀបចំផ្ទះ និងរចនា សម្ព័ន្ធទឹកភ្លើង ដើម្បីអោយប្រជាពលរដ្ឋក្រីក្រីដែលរស់នៅតំបន់សំបុកចាបស្នាក់នៅ។ លោកប្រធាន សហគមន៍ បានអោយដឹងទៀតថា នៅក្នុងសហគមន៍ មានប្រជាពលរដ្ឋ ចំនួន៣១០គ្រួសារស្នាក់នៅ ពួកគាត់សុទ្ធតែមានជីវភាពក្រីក្រី រកស៊ីមួយថ្ងៃចាយមួយថ្ងៃដោយប្រកបមុខ របរធ្វើសំណង់, លក់លៀស រើសអេតចាយ និងដើមបេះស្លឹកបាស់ជាដើម។នៅក្នុងនោះមានប្រមាណ៦០ភាគរយប្រកបមុខរបរលក់ លៀសហាល ។
ដោយសារតែស្ថានភាពគ្រួសារក្រីក្រ អាជ្ញាធរសង្កាត់យកចិត្តទុកដាក់ខ្លាំង ក៏បានបញ្ចូល ប្រជាពលរដ្ឋទាំងនោះអោយមានឈ្មោះក្នុងសៀវភៅក្រីក្របើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាបាលដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់ដែលកំពុងតែប្រឈមមុខនៅពេលនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram