បើករថយន្តបត់ឆ្លងផ្លូវ ជ្រុល ទៅបុកម៉ូតូ..
ភ្នំពេញ ៖ បុរសម្នាក់ ជាតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន ស៊ីន យាន បើករថយន្តបត់ឆ្លងផ្លូវ ជ្រុល ទៅបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់រងរបួស ចំណែកឯម៉ូតូរងការខូចខាតនៅ យប់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកCB ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GV -4272 បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀតជាអ្នករួមដំណើរ ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ- ហាណូយក្នុងទិសដៅជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុត្រង់ស្តុប 24 ម៉ោងស្រាប់តែមាន រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន ស៊ីន យានពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A -2804 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ចាសទិសគ្នាពីត្បូងទៅជើង បានបត់ឆ្វេងមិនប្រយ័ត្នក៏ជ្រុល ទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់ជាអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកឯម៉ូតូជាប់នៅខាងក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ ៕





