នារីវ័យក្មេងជួបវិបត្តិស្នេហា ឈ្លោះជាមួយសង្សារញឹកញាប់សម្រេចបញ្ចប់ជីវិត ដោយ……….
ភ្នំពេញ ៖ នារីវ័យក្មេងជាកម្មការិនីរោងចក្រម្នាក់បន្ទាប់ពីមានវិបត្តិស្នេហាឧស្សាហ៍ឈ្លោះទាស់ទែងជាមួយសង្សារខ្លួនញឹកញាប់ ក៏សម្រេចចិត្តផ្ដាច់សង្ខារដោយលេបថ្នាំសម្លាប់ខ្លួន ក្រុមគ្រួសារមិនអាចជួយទាន់ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ នាវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅផ្ទះលេខ៥៣ ផ្លូវលំ បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
នារីចិត្តដាច់ ដោយសារបរាជ័យក្នុងរឿងស្នេហានេះមានឈ្មោះ តាំង ម៉េងលី អាយុ២០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ផ្ទះជួលកន្លែងកើតហេតុខាងលើជាមួយក្រុមគ្រួសារ មានស្រុកកំណើត ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ករណីខាងលើ នារីរងគ្រោះបានប្រើប្រាស់ថ្នាំលេបជាច្រើនគ្រាប់ ប៉ុនប៉ងបញ្ចប់ជីវិតរបស់ខ្លួន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា មកម្ល៉េះ តែក្រុមគ្រួសារទម្រាំដឹង អស់រយៈពេលជាង១ម៉ោងទៅហើយ ធ្វើឲ្យនារីខាងលើប្រតិកម្មថ្នាំ រហូតដល់ស្លាប់បាត់ជីវិត ទោះជាក្រុមគ្រួសារជួយមិនទាន់ផង បង្កឲ្យផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង។
តាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថា នារីរងគ្រោះកើតមានជម្លោះជាមួយមិត្តប្រុសញឹកញាប់ រហូតមកដល់រសៀលថ្ងៃនេះ ក៏សម្រេចចិត្តបែបនេះតែម្តង។ សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយធ្វើអត្តឃាត សម្លាប់ ខ្លួនដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕



