លីបង់ព្រមាន៖ វត្តមានយោធាអ៊ីស្រាអែល ក្រោយថ្ងៃកំណត់គឺជា «ការកាន់កាប់ទឹកដី» ដោយខុសច្បាប់

 (បៃរូត)៖ រដ្ឋាភិបាលលីបង់ បានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ នៅថ្ងៃអង្គារនេះដោយព្រមានថា នឹងចាត់ទុកវត្តមានយោធាអ៊ីស្រាអែលណាមួយនៅលើទឹកដីរបស់ខ្លួន ក្រោយថ្ងៃផុតកំណត់នៃការដកទ័ពថាជា «ការកាន់កាប់ទឹកដី» ដោយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យប្រធានាធិបតីលីបង់បានបញ្ជាក់ថា ប្រទេសលីបង់មានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីធានាការដកកងកម្លាំងអ៊ីស្រាអែល។

ការព្រមាននេះកើតឡើង បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងរក្សាកងទ័ពនៅក្នុងប៉ុស្តិ៍ចំនួន ៥ នៅភាគខាងត្បូងប្រទេសលីបង់ ហួសពីថ្ងៃផុតកំណត់ទី ១៨ ខែកុម្ភៈ ដែលមានចែងក្នុងបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ បទឈប់បាញ់នោះ បានបញ្ចប់សង្គ្រាមរយៈពេលមួយឆ្នាំ រវាង អ៊ីស្រាអែលនិងក្រុមហេសបូឡា កាលពីឆ្នាំមុន។ អ៊ីស្រាអែលអះអាងថា ការរក្សាវត្តមាន យោធានេះ គឺ ចាំបាច់ដើម្បី «ធានាការការពារសហគមន៍ភាគខាងជើង»។

លក្ខខណ្ឌនៃបទឈប់បាញ់ តម្រូវឱ្យមានការដកកងកម្លាំងអ៊ីស្រាអែល ចេញពីភាគខាងត្បូងប្រទេសលីបង់ទាំងស្រុង ការដកអាវុធរបស់ក្រុមយុទ្ធជន និងក្រុមហេសបូឡា និងការដាក់ពង្រាយកងទ័ពលីបង់។ បទឈប់បាញ់បានកំណត់ថា មានតែ «យោធាផ្លូវការ និងកងកម្លាំងសន្តិសុខ» របស់លីបង់ប៉ុណ្ណោះ ដែលអាចកាន់អាវុធបាន ហើយរដ្ឋាភិបាលលីបង់ ត្រូវតែទប់ស្កាត់ការផ្ទេរអាវុធទៅឱ្យក្រុមប្រដាប់អាវុធមិនមែនរដ្ឋ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងហេសបូឡា បានធ្វើឱ្យប្រជាជនលីបង់ជាងមួយលាននាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋាន ខណៈដែលប្រជាជនអ៊ីស្រាអែលរាប់ម៉ឺន នាក់នៅភាគខាងជើង ក៏ត្រូវបានជម្លៀសចេញដោយសារការបាញ់រ៉ុក្កែតរបស់ក្រុមហេសបូឡាផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram