លោក Ryan Giggs លាលែងចេញពីតំណែង ជាគ្រូបង្វឹកក្រុមជម្រើសជាតិវែលស៍

(កាឌីហ្វ)៖ លោក Ryan Giggs បានបញ្ជាក់នៅថ្ងៃចន្ទថា លោកបានលាលែងចេញពីតំណែង ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវែលស៍, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។

អតីតខ្សែបម្រើស្លាប របស់ក្លិប Manchester United រូបនេះ កំពុងរង់ចាំការកាត់ទោស បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រង បង្ខិតបង្ខំ និងប្រើអំពើហិង្សា លើអតីតមិត្តស្រីរបស់លោក និងបងប្អូនស្រីរបស់នាង។
Giggs បានឆ្លើយតបបទចោទថា មិនមានកំហុស ចំពោះការចោទប្រកាន់ទាំងអស់ ហើយនៅតែបង់ប្រាក់ធានានៅក្រៅឃុំ។ ការកាត់ក្តីនៅតុលាការ Manchester Crown Court គ្រោងនឹងចាប់ផ្តើម កាលពីថ្ងៃទី២៤ ខែមករា ប៉ុន្តែត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី៨ ខែសីហា, ដែលជាកត្តានាំឲ្យបុរសវ័យ៤៨ឆ្នាំរូបនេះ លាលែងពីតំណែងនាពេលនេះ។
«បន្ទាប់ពីពិចារណាយ៉ាងច្រើន, ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងរបស់ខ្ញុំ ជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរស របស់វែលស៍ ជាមួយនឹងប្រសិទ្ធភាពភ្លាមៗ», នេះបើតាមលោក Giggs បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។
សូមរំលឹកថា លោក Giggs បានចុះចេញពីតំណែងជាបណ្តោះអាសន្ន ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិវែលស៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២០, ជាមួយនឹងលោក Robert Page បានដឹកនាំក្រុមជម្រើសជាតិ ឡើងទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ១៩៥៨ កាលពីដើមខែនេះ បន្ទាប់ពីប្រកួតជម្រុះឈ្នះលើអ៊ុយក្រែន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram