រថយន្ត្ដដឹកដីបត់ឆ្លងផ្លូវ មិនប្រយត្ន័បណ្តាលអោយកិនក្មេងប្រុសម្នាក់ស្លាប់និង០៣នាក់ទៀតរបួសធ្ងន់ស្រាលនៅចំណុចផ្លូវជាតិលេខ ២១ ស្រុកស្អាង

ខេត្តកណ្ដាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្ដបង្កម៉ាកនីសាន់ ពណ៌ខៀវ ប្រភេទបែន ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2329 បើកបរដោយឈ្មោះ ផន តាវម៉េងសឺ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

ចំណែកជនរងគ្រោះមានគ្នា៤នាក់ ទី១.ឈ្មោះ នួន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកCPX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HF-8380របួសធ្ងន់ ,ទី២.ឈ្មោះ កែវ ស្រីនុច ភេទស្រី អាយុ២៨ឆ្នាំ របួសស្រាល ជាអ្នករួមដំណើរ ទី៣.ឈ្មោះ សំណាង វីរះបុត្រ ភេទប្រុស អាយុ៨ឆ្នាំ (ស្លាប់)ជាអ្នករួមដំណើរ និងទី៤.ឈ្មោះ សំណាង វិរះសិដ្ឋ ភេទប្រុស អាយុ៥ឆ្នាំ (របួសស្រាល)ជាអ្នករួមដំណើរ ។ ជនរងគ្រោះទាំង៤នាក់ ត្រូវជាឪពុកម្ដាយកូននិងគ្នា មានទីលំនៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកបរម៉ូតូម៉ាក CPX ពណ៌សខាងលើ ឌុបកូនប្រពន្ធ៣នាក់ពីក្រោយ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដបែនដឹកដីមួយគ្រឿងបើកស្របទិសគ្នា បានស៊ីញ៉ូបត់ស្តាំចូលផ្លូវលំ កាត់មុខម៉ូតូជនរងគ្រោះ ធ្វើឲ្យអ្នកបើកម៉ូតូអកហ្ស៊ើចាប់ហ្វ្រាំងបូមដួល រអិលទៅបុករថយន្ត បណ្តាលអោយរថយន្តកិនកុមារអាយុ៨ឆ្នាំស្លាប់ម្នាក់បាត់បង់ជីវិតតែម្ដង រីឯអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងកសាងសំណុំរឿង ដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram