ចោរចូលលួចលុយនៅផ្ទះស្ត្រីថៅកែទិញ.លក់ស្រូវ…
ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា៖ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីចោរចូលលួចលុយនៅផ្ទះស្ត្រីថៅកែទិញ.លក់ស្រូវម្នាក់ យកប្រាក់អស់រាប់លានរៀល និងរាប់រយដុល្លារ បង្កមានការភ្ញាក់ផ្អើលកាលពី ស្ថិតនៅនៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
សេចក្តីរាយការណ៍បានបន្តថា៖ ស្ត្រីរងគ្រោះឈ្មោះ ជា ស៊ីឡាង អាយុ៤១ឆ្នាំ មានមុខរបរជាថៅកែទិញ.លក់ស្រូវ រស់នៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បើសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុវត្ថុតាងដែលចាប់យកបាន ៖ សោពណ៌ទឹកប្រាក់មានអក្សរ ROUND -DIAMOND របូតស្រយ៉ូវ និងគ្រាប់សោចេញក្រៅ១ ហើយនឹង កូនសោមាត់២ លេខ២១ និងលេខ២៤ មានអក្សរ THC ផងដែរ ។

បើតាមសម្តីជនរងគ្រោះដែលប្រាប់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលចោរចូលគាស់ផ្ទះលួចយកសម្ភារនោះបានបាត់បង់ដូចជា ៖
១-ប្រាក់រៀល៤៥០លានរៀល មានប្រភេទក្រដាសប្រាក់១០ម៉ឺនរៀល និង៥ម៉ឺនរៀល ដែលគាត់បានទុកក្នុងឡាំងក្រដាស់ ។
២-ប្រាក់រៀល១៣០លានរៀល ប្រភេទក្រដាសប្រាក់៥ម៉ឺនរៀល និងប្រភេទក្រដាស់ប្រាក់រៀលចំរុះទុកក្នុងកន្ត្រក់ជ័រពណ៌ខៀវ ។
៣-ប្រាក់រៀល៧.០០០.០០០រៀល ប្រភេទក្រដាសប្រាក់៥ម៉ឺនរៀល និងប្រភេទក្រដាស់១ម៉ឺនរៀល និងប្រាក់ដុល្លារ ៣០០ដុល្លារអាមេរិក ជាប្រភេទក្រដាសប្រាក់១០០ មាន៣សន្លឹក ទុកក្នុងកាបូបស្ពាយពណ៌ឈាមជ្រូកលាយពណ៌លឿង ។ បើសរុបប្រាក់ដែលបាត់បង់មាន ៥៨៧លានរៀល និងប្រាក់ដុល្លារ ៣០០ដុល្លារអាមេរិក ។

ស្ត្រីជាជនរងគ្រោះបន្តថា៖ មុនពេលកើតហេតុ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ ឈ្មោះ តុង ភេទប្រុស អាយុប្រហែល២៧ឆ្នាំ ជាអ្នកប្រកបមុខរបរវេរប្រាក់មានផ្ទះលេខ៤១ ជាអ្នករស់នៅម្តុំជិតផ្សារអូរឡាំពេក រាជធានីភ្នំពេញ បានយកប្រាក់៥០០លានរៀល មានប្រភេទក្រដាស់ប្រាក់១០ម៉ឺនរៀល និង៥ម៉ឺនរៀល យកទៅឲ្យគាត់ (ជនរងគ្រោះ)ដល់ផ្ទះ ដែលប្រាក់នេះសម្រាប់បង្វិលក្នុងការរកស៊ីទិញលក់ស្រូវ ។ ក្រោយពេលគាត់ទទួលប្រាក់នោះហើយ ក៏បានយកទៅទុកនៅក្នុងផ្ទះ ដោយដាក់នៅក្នុងឡាំងក្រដាស រួចហើយយកទៅទុកក្នុងទូរធ្វើពីឈើកំពស់១ម៉ែត្រ ទទឹង០,៥០ម៉ែត្រ បណ្តោយ២,៥០ម៉ែត្រ ក្នុងថតទូរចំហៀងខាងឆ្វេងថ្នាក់ខាងក្រោម ។

ស្ត្រីរងគ្រោះបន្តថា៖ លុះថ្ងៃទី១៨ ខែមីនា វេលាម៉ោង២រំលងអធ្រាត្រ គាត់ (ជនរងគ្រោះ) បានដកប្រាក់ចំនួន៥០.០០០.០០០លានរៀលពីឡាំងក្រដាសមកដាក់ក្នុងកន្ត្រក់ជ័រពណ៌ខៀវ ដើម្បីទុកទូទាត់ប្រាក់ថ្លៃទិញស្រូវនៅពេលព្រឹក ដោយមានប្រាក់នៅក្នុងកន្ត្រក់ជ័រពណ៌ខៀវនោះ សរុបប្រហែល១៨០លានរៀល រួចក៏បានចាក់សោទុកត្រឹមត្រូវវិញ និងបានយកកូនសោទៅទុកនៅលើពូកក្បាលដំណេកក្នុងបន្ទប់ដេក ។
ស្ត្រីរងគ្រោះបន្តថា៖ ក្នុងពេលនោះផងដែរ ឈ្មោះ ជា វ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់គាត់ (ជនរងគ្រោះ) ក៏បានយកកាបូបស្ពាយពណ៌ឈាមជ្រូកលាយលឿងរបស់ខ្លួនដែលមានប្រាក់ចំនួន ៧.០០០.០០០រៀល និងប្រាក់ដុល្លារចំនួន៣០០ដុល្លារ យកទៅទុកក្នុងទូរជាមួយគ្នានៅថតទូរចំហៀងខាងស្តាំ ប៉ុន្តែពុំបានចាក់សោរទ្វារទូរទេ។ ចំណែកឈ្មោះ អេង គីមម៉ុង ភេទប្រុស ត្រូវជាប្តីរបស់ប្អូនស្រីគាត់បានទៅចាក់សោរទ្វារសំយ៉ាបជញ្ជាំងដែកចំហៀងផ្ទះ និងចាក់សោរទ្វារខាងមុខផ្ទះ រួចហើយក៏នាំគ្នាចូលទៅសំរាកក្នុងបន្ទប់ដេករៀងៗខ្លួនទៅ ។

ស្ត្រីរងគ្រោះបន្តទៀតថា៖ លុះវេលាម៉ោង៧ព្រឹក ឈ្មោះ អេង គីមម៉ុង ត្រូវជាប្តីរបស់ប្អូនស្រីគាត់បានងើបពីដំណេក រួចដើរចេញពីបន្ទប់ដេកមកខាងមុខ ក៏បានឃើញទ្វារទូរដាក់ប្រាក់របស់គាត់ (ជនរងគ្រោះ) របើក និងទ្វារដែកបត់ខាងមុខផ្ទះចំហរ ព្រមទាំងទ្វារសំយ៉ាបជញ្ជាំងជ្ទះខាងត្បូងចំហរ បាតមេសោរចាក់ទ្វារ ក៏ផ្អើលឆោឡោ ទើបដឹងថា មានចោរចូលលួចប្រាក់របស់ខ្លួនម៉ត់តែម្តង ។

បន្ទាប់ពីបានឃើញស្ថានការណ៍យ៉ាងដូច្នោះភ្លាម ជនរងគ្រោះក៏បានទៅរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះចិន ទើបក្រោយពីមានប្រជាពលរដ្ឋទៅរាយការណ៍មក ទើបកម្លាំងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់បានចុះទៅសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល កោះចិន ទៅពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ត្រា ដើម្បីទុកបើកការស៊ើបអង្កេត និងស្រាវជ្រាវរកមុខសញ្ញាដែលជាចោរថ្លើមពាសមេឃ ដែលហ៊ានគាស់ទម្លុះទម្លាយផ្ទះស្ត្រីអ្នករកស៊ីទិញ.លក់ស្រូវ យកប្រាក់អស់រាប់លានរៀល និងរាប់រយដុល្លារ នាំមកផ្តន្តទាទោសតាមផ្លូវច្បាប់៕


