រថយន្តសង្គ្រោះបន្ទាន់ ៦០គ្រឿង ម៉ាស៊ីនជំនួយដង្ហើម ៥០គ្រឿង និងបរិក្ខារពេទ្យបន្ថែមទៀត បានដល់កម្ពុជា ក្រោមការជួយបញ្ជាទិញពី UNDP…
ភ្នំពេញ៖ តាមការឲ្យដឹងពីលោក Nick Beresford អ្នកតំណាង UNDP នៅកម្ពុជា ថា UNDPបានជួយកម្ពុជាក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ ម៉ាស៊ីនជំនួយដង្ហើម និងបរិក្ខារពេទ្យបន្ថែមទៀត បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ដែលជាកម្ចីពីធនាគារពិភពលោក World Bank រួចមក។ លោកថា រថយន្ត និងឧបករណ៍ទាំងនោះ បានមកដល់ប្រទេសកម្ពុជាហើយ។

លោក Nick Beresford មានប្រសាសន៍ថា “UNDP បានជួយបញ្ជាទិញបរិក្ខារពេទ្យ មានដូចជា រថយន្តសង្គ្រោះបន្ទាន់ ម៉ាស៊ីនជំនួយដង្ហើម និងបរិក្ខារពេទ្យផ្សេងៗទៀត បន្ទាប់ពីមានការស្នើសុំពីក្រសួងសុខាភិបាល និងកិច្ចព្រមព្រៀងហិរញ្ញវត្ថុពីធនាគារពិភពលោក។”
លោក Nick Beresford បានពន្យល់ថា ការជួយបញ្ជាទិញរថយន្ត និងបរិក្ខារពេទ្យដល់កម្ពុជា គឺចង់ជួយកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការប្រឆាំងការរីករាលដាលនៃកូវីដ-១៩។

លោក Nick Beresford ថា “រាជរដ្ឋាភិបាលកម្ពុជា ត្រូវការទិញសម្ភារវេជ្ជសាស្ត្រជាបន្ទាន់ដើម្បីត្រៀម និងឆ្លើយតបចំពោះកូវីដ-១៩។ UNDP មានបណ្តាញសកលប្រកបដោយប្រសិទ្ធភាពខ្ពស់។ យើងអាចធានាបាននូវការផ្គត់ផ្គង់វេជ្ជសាស្រ្តទាំងនេះយ៉ាងឆាប់រហ័សប្រកបដោយគុណភាព និងបានតម្លៃល្អបំផុត ទោះបីជាមានបញ្ហាប្រឈមទាំងអស់នៅក្នុងសង្វាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូនដែលបង្កើតឡើងដោយរោគរាតត្បាតក៏ដោយ។”
លោក បានអះអាងថា UNDP បានត្រៀមខ្លួនជានិច្ច ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់កូវីដ-១៩៕

