រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចដកហូតដីព្រៃ ៩ទីតាំង ដែលមានទំហំជាង ២រយហិកតា មកទុកជាសម្បត្តិរដ្ឋ…
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញ ដីកាសម្រេចដកហូតអតីតដីព្រៃឈើ ចំនួន ៩ទីតាំង ដែលមានទំហំចំនួន ២៦៦,៣១ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដើម្បីទុកជាសម្បត្តិរដ្ឋវិញ ក្រោយមានការកាប់រានទន្រ្ទានហ៊ុព័ទ្ធយកជាកម្មសិទ្ធិពីសំណាក់ជនទុច្ចរិតមួយចំនួន។

លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឱ្យដឹងថា ដីព្រៃដែលបាននិងកំពុងគ្រប់គ្រងដោយក្រុមជនទុច្ចរិតដោយខុសច្បាប់នោះ មួយចំនួនត្រូវបានធ្វើការហ៊ុព័ទ្ធដោយរបងលួស និងមានដាំដំណាំផងដែរ។ ទន្ទឹមនឹងធ្វើការដកហូតនោះ ក៏បានធ្វើការព្រមានដល់អាជ្ញាធរភូមិ-ឃុំទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចុះហត្ថលេខាលើឯកសារដីព្រៃដែលមិនស្របច្បាប់ ព្រោះការកាន់កាប់ហ៊ុព័ទ្ធយកដោយមិនស្របច្បាប់ គឺមិនអាចក្លាយជាកម្មសិទ្ធិឡើយ។ មួយវិញទៀត ត្រូវប្រឈមជាមួយផ្លូវច្បាប់ដោយមិនអាចលើកលែងបាន។

អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លោក ហ៊ុល ម៉ារ៉ា ក៏បានបញ្ជាក់ផងដែរថា ចំពោះក្រុមជនដែលបាននិងកំពុងកាន់កាប់ទុច្ចរិតលើទីតាំងដីទាំងអស់នោះ មន្ត្រីជំនាញបានរៀបចំ និងបញ្ជូនឯកសាររួចរាល់ហើយទៅតុលាការ ដើម្បីដកហូតដីព្រៃទាំងអស់នោះមកវិញ និងបន្តស្រាវជ្រាវចាប់ខ្លួនជនទុច្ចរិតទាំងអស់នោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ទៀតផង។

ទាក់ទងនឹងការចេញដីការដកហូតដីព្រៃមកទុកជាសម្បត្តិរដ្ឋវិញនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ផងដែរថា បើឈប់បានឈប់ទៅ។ ឈប់ចង់បានដីរដ្ឋមកធ្វើជាកម្មសិទ្ធិ ថ្វីត្បិតដីត្រូវបានដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញ តែអ្នកពាក់ពន្ធ័ត្រូវតែមានទោសដោយមិនអាចលើកលែង៕


