នគរបាល ក្រុងស្ទឹងត្រែង ចាប់ បញ្ជូនខ្លួនក្រុមក្មេងទំនើង និងវត្ថុតាង ទៅតុលាការខេត្ត…

ខេត្តស្ទឹងត្រែង៖ ក្រុមក្មេងទំនើង ដែលគេតែងឃើញជិះម៉ូតូធុនធំៗ បំពងសំឡេងអុកឡុក និងធ្វើសកម្មភាពប្រដេញកាប់ចាក់គ្នា មិនញញើត និងមិនព្រួយបារម្ភពីសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋក្នុងក្រុងនោះ ត្រូវបានមន្ត្រីនគរបាលជំនាញក្រុងស្ទឹងត្រែង ចាប់ បញ្ជូនខ្លួន និងវត្ថុតាង ទៅតុលាការខេត្តហើយ។ ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានចាប់ខ្លួន ក្នុងពេលធ្វើសកម្មភាពជួបជុំគ្នា នៅសួនច្បារមុខសាលាខេត្ត។


មន្ត្រីនគរបាលក្រុងស្ទឹងត្រែង បានឲ្យដឹងថា៖ នៅក្នុងការចុះធ្វើរដ្ឋបាលត្រួតពិនិត្យអាវុធជាតិផ្ទុះ ដែលដឹកនាំដោយលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង កាលពីយប់ថ្ងៃទី១៥មីនា កន្លងមកនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានប្រទះឃើញមុខសញ្ញាក្មេងទំនើង ៣នាក់ ដែលគួរឲ្យសង្ស័យ ដែលក្រុមក្មេងទាំងនោះ កំពុងជួបជុំគ្នា នៅសួនច្បារមុខសាលាខេត្ត។ នៅក្នុងគ្រានោះ កម្លាំងសមត្ថកិច្ចបានរកឃើញភាពមិនប្រក្រតីជាច្រើន ព្រមទាំងបានឃាត់ខ្លួនមកសាកសួរ។


មន្ត្រីនគរបាលដដែលបានបន្តទៀតថា៖ មុខសញ្ញាក្មេងទំនើង ដែលត្រូវបានឃាត់ខ្លួនក្នុងយប់នោះ មានគ្នា ៣នាក់ ម្នាក់ឈ្មោះ អុន សុភារិទ្ធ អាយុ ២០ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ឈ្មោះ សឿន ពៅ អាយុ ១៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិភក់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងឈ្មោះ សេង សី អាយុ ១៧ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ យុវជនទាំង ៣នាក់ ត្រូវសមត្ថកិច្ចបានធ្វើតេស្ត រកឃើញមានសារធាតុញៀន ថែមទៀតផង។ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានដាវ ១ដើម ម៉ូតូធំ ៣គ្រឿង (ម៉ាកExciter) នាំយកមកកាន់អធិដ្ឋានការដ្ឋាននគរបាលក្រុងស្ទឹងត្រែង។


មន្ត្រីនគរបាលក្រុង បានបញ្ជាក់ថា៖ ក្រោយចងក្រងឯកសារ និងប្រមូលបានវត្ថុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកនោះរួចមក ក្រុមក្មេងទំនើងទាំង ៣នាក់ នៅថ្ងៃទី១៧មីនា ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram