ទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះឃ្លាំងជួសជុលរថយន្ត…
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះ ការាសជួសជុលរថយន្ត ប្រភេទសណ្ដោងកុងតឺន័រមួយកន្លែង ដែលស្ថិតនៅក្បែរផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ទី២ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយ អន្តរាគមន៍ បាញ់ទឹក ពន្លត់ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ ការាសជួសជុលរថយន្តប្រភេទសណ្ដោងកុងតឺន័រ និងរថយន្តធុនធំខាងលើនេះគឺមិនមានស្លាកយីហោនោះទេ ដោយក្រុមជាងធ្វើការតែពេលថ្ងៃ រីឯពេលយប់សម្រាក តែនៅពេលកើតហេតុមិនដឹងបណ្ដាលមកពីអ្វីនោះទេស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះរថយន្តខាងលើជាបន្តបន្ទាប់ ខណៈសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញក៏បានចេញរថយន្តបង្ការនិងពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើងផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ម្ចាស់ទីតាំងឈ្មោះ ចំរើន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ជាងជួសជុល រថយន្ត ។ ក្នុងករណីអគ្គីភ័យខាងលើនេះបានបណ្ដាលឲ្យខូចខាតរថយន្តចំនួន៣គ្រឿង និងសម្ភារៈ មួយចំនួនធំ ព្រមទាំងប្រើប្រាស់ឡានទឹកមកពីអង្គភាពផ្សេងៗគ្នាសរុប ០៨គ្រឿង ដោយមិនបង្កឲ្យ មនុស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិត នោះទេ ៕


