ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ ផ្តាច់ជីវិតបុរសវ័យចំណាស់ម្នាក់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល នៅផ្លូវជាតិលេខ២

តាកែវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់ ២នាក់ទៀតរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ ៣២-៣៣ ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខ កណ្តាល 1AC-0666 បើកបរពីកើតទៅលិច ដោយឈ្មោះ អៀត លឹម ភេទប្រុស អាយុ៦៥ឆ្នាំ ស្នាក់នៅភូមិម្រេះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ (ស្លាប់នៅនឹងកន្លែង) រួមដំណើរជាមួយឈ្មោះ ត័យ ជា ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា (របួសស្រាល) បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CS-2471 បើកបរពីត្បូងមកជើង ដោយឈ្មោះ គឿក សុភា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ (របួសធ្ងន់) រួមដំណើរជាមួយឈ្មោះ ឡុង ចរិយា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា (របួសធ្ងន់) ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការបញ្ជូនអ្នករបួសទាំងធ្ងន់និងស្រាល ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ និងបានធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ 

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram